នគរបាលខេត្តបាននិយាយនៅថ្ងៃព្រហស្បតិ៍ (២២ កុម្ភៈ) នេះថាមនុស្ស ១៥ នាក់បានស្លាប់ និងមនុស្ស ២ នាក់បានរងរបួស នៅពេលដែលរថយន្តដឹកទំនិញមួយគ្រឿងដែលដឹកអ្នកជំនួញបសុសត្វ បានធ្លាក់ចេញពីផ្លូវដោយសារខ្យល់កន្រ្តាក់ខ្លាំង ហើយធ្លាក់ចូលទៅក្នុងជ្រោះជម្រៅ ៤០ ម៉ែត្រទៅ ៥០ ម៉ែត្រ នៅភាគកណ្តាលប្រទេសហ្វីលីពីន។

លោក ស្ទេហ្វិន ផូលីណា (Stephen Polinar) អ្នកនាំពាក្យការិយាល័យនគរបាលខេត្ត ណេក្រូស អូរៀនតាល់ (Negros Oriental) បានប្រាប់ស្ថានីយវិទ្យុ DWPM ថា «អ្នកបើកបរមិនអាចជាន់ហ្វ្រាំងរថយន្តជាប់ ហើយបាត់បង់ការគ្រប់គ្រង បន្ទាប់មកបានធ្លាក់ចូលជ្រោះដោយសារផ្លូវរអិលពេក ក្រោយពីភ្លៀងធ្លាក់រយៈពេលពីរថ្ងៃមក»។

លោក ផូលីណា បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅកាន់ទីតាំងគ្រោះថ្នាក់កាលពីរសៀលថ្ងៃពុធ ហើយអ្នកដំណើរទាំងអស់ត្រូវបានសង្រ្គោះរួចហើយ។ លោកបានបន្ថែមថា អ្នកបើកបរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយអាចប្រឈមនឹងការចោទប្រកាន់ទោស។
ប្រទេសហ្វីលីពីន ត្រូវបានគេស្គាល់ដោយសារបទប្បញ្ញត្តិដ៏ធូររលុងរបស់ខ្លួនលើការដឹកជញ្ជូនសាធារណៈ រួមទាំងការផ្ទុកអ្នកដំណើរលើសទម្ងន់ និងផ្លូវថ្នល់ដែលថែទាំមិនបានល្អ ជាហេតុបង្កឱ្យមានគ្រោះថ្នាក់ជាច្រើន៕