ប្រភពចំនួនប្រាំមួយបានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រទេសអ៊ីរ៉ង់បានផ្តល់ឲ្យរុស្ស៊ី នូវមីស៊ីលបាលិស្ទិកដែលបាញ់ពីផ្ទៃដីទៅផ្ទៃដី ឬបាញ់ពីផ្ទៃដីទៅសមុទ្រ ដ៏មានអានុភាពមួយចំនួនធំ ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក។

ប្រភពចំនួនបីរបស់អ៊ីរ៉ង់បាននិយាយថា អ៊ីរ៉ង់ផ្តល់មីស៊ីលប្រហែល ៤០០ គ្រាប់ទៅរុស្ស៊ី ដែលរួមមានមីស៊ីលប្រភេទ ហ្វាតេហ្វ-១១០ (Fateh-110) នៃសព្វាវុធបាលិស្ទិករយៈចម្ងាយខ្លីជាច្រើនគ្រាប់ដូចជាមីស៊ីល ហ៊្សូលហ្វាកហា (Zolfaghar) ជាដើម។ ក្រុមអ្នកជំនាញបាននិយាយថា មីស៊ីលចល័តតាមដងផ្លូវនេះ មានសមត្ថភាពវាយប្រហារគោលដៅនៅចម្ងាយចន្លោះពី ៣០០ គីឡូម៉ែត្រទៅ ៧០០ គីឡូម៉ែត្រ។

ប្រភពមួយរបស់អ៊ីរ៉ង់បាននិយាយថា ការដឹកជញ្ជូនបានចាប់ផ្តើមនៅដើមខែមករា បន្ទាប់ពីកិច្ចព្រមព្រៀងមួយត្រូវបានបញ្ចប់នៅក្នុងកិច្ចប្រជុំកាលពីចុងឆ្នាំមុន រវាងមន្ត្រីយោធា និងមន្ត្រីសន្តិសុខរបស់អ៊ីរ៉ង់ និងរុស្ស៊ី ដែលបានធ្វើឡើងនៅទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្គូ។

ការរឹតបន្តឹងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើការនាំចេញមីស៊ីល យានដ្រូន និងបច្ចេកវិទ្យាផ្សេងទៀតរបស់អ៊ីរ៉ង់ បានផុតកំណត់កាលពីខែតុលា។ ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានរក្សាការដាក់ទណ្ឌកម្មលើកម្មវិធីមីស៊ីលបាលិស្ទិករបស់អ៊ីរ៉ង់ ស្របពេលមានការព្រួយបារម្ភអំពីការនាំចេញអាវុធទៅកាន់ក្រុមតំណាងអ៊ីរ៉ង់នៅមជ្ឈិមបូព៌ា និងទៅកាន់ប្រទេសរុស្ស៊ី៕