ក្រុមហ៊ុនអាកាសចរណ៍ យូណាយធីត អ៊ែរឡាញស៍ (United Airlines) បាននិយាយកាលពីថ្ងៃពុធ (២១ កុម្ភៈ) ថាខ្លួនគ្រោងនឹងបន្តជើងហោះហើរត្រង់របស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ីស្រាអែល នៅដើមខែក្រោយនេះ ដោយធ្វើឱ្យខ្លួនក្លាយជាក្រុមហ៊ុនអាកាសចរណ៍អាមេរិកដំបូងគេ ដែលចាប់ផ្តើមសេវាកម្មឡើងវិញចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ដោយពួកសកម្មប្រយុទ្ធហាម៉ាស នៅលើភាគខាងត្បូងអ៊ីស្រាអែលមក។

ក្រុមហ៊ុន យូណាយធីត ក្រុមហ៊ុន អាមេរិកកាំង អ៊ែរឡាញស៍ (American Airlines) និងក្រុមហ៊ុន ឌែលតា អ៊ែរឡាញស៍ (Delta Air Lines) បានផ្អាកសេវាកម្មហោះហើរពីអាមេរិកទៅកាន់អ៊ីស្រាអែល ក្នុងខែតុលា បន្ទាប់ពីការវាយប្រហារនោះ។

ក្រុមហ៊ុន យូណាយធីត ដែលមានមូលដ្ឋាននៅទីក្រុង ឈីខាហ្គោ (Chicago) នេះបាននិយាយថា ខ្លួននឹងបន្តជើងហោះហើរពីទីក្រុង នីវ៉ាក (Newark) ទៅទីក្រុង តែលអាវីវ (Tel Aviv) នៅខែក្រោយ ប៉ុន្តែមិនមានគម្រោងចាប់ផ្តើមជើងហោះហើរឡើងវិញពីទីក្រុងផ្សេងទៀតរបស់សហរដ្ឋអាមេរិកទេ រហូតដល់យ៉ាងហោចណាស់នៅរដូវស្លឹកឈើជ្រុះនេះ។
ក្រុមហ៊ុន យូណាយធីត បាននិយាយថាគោលដៅរបស់ខ្លួន គឺដើម្បីបន្តសេវាកម្មហោះហើរត្រង់ប្រចាំថ្ងៃទៅកាន់ទីក្រុង តែលអាវីវ ចាប់ពីថ្ងៃទី០៦ ខែមីនា ពីទីក្រុង នីវ៉ាក លើយន្តហោះ ប៊ូអីង ៧៨៧-១០ (Boeing 787-10)។ ក្រុមហ៊ុនបានបន្ថែមថា ខ្លួនបានធ្វើការវិភាគលម្អិតអំពីសុវត្ថិភាពក្នុងការសម្រេចចិត្តនេះ រួមទាំងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រុមអ្នកជំនាញសន្តិសុខ និងមន្ត្រីរដ្ឋាភិបាលនៅសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕