ការតស៊ូចុងក្រោយរបស់លោក ជូលាន អាសាញ(Julian Assange) អតីតស្ថាបនិកគេហទំព័រ WikiLeaks ដើម្បីបញ្ឈប់ការធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក បានបញ្ចប់កាលពីថ្ងៃពុធ នៅតុលាការយុត្តិធម៌ទីក្រុងឡុងដ៍្រ។ រដ្ឋអាជ្ញាសហរដ្ឋអាមេរិក កំពុងស្វែងរកការកាត់ទោសលោក Assange អាយុ ៥២ឆ្នាំ ពីបទទម្លាយព័ត៌មានសម្ងាត់ឯកសារយោធាសហរដ្ឋអាមេរិក និងទូរលេខផ្នែកការទូត ធ្វើឡើងដោយគេហទំព័រ WikiLeaks ។

រដ្ឋអាជា្ញបានអះអាងថា ការបែកធ្លាយនេះ បានធ្វើឲ្យគ្រោះថ្នាក់ដល់ភ្នាក់ងាររបស់ពួកគេ ហើយគ្មានការចោទប្រកាន់សម្រាប់បទព្រហ្មទណ្ឌលើលោក អាសាញ នោះទេ។ មេធាវី និងភរិយារបស់លោក លោកស្រី Stella បាននិយាយថា លោក អាសាញ(Assange) ខ្លួនលោកផ្ទាល់ ជាថ្មីម្តងទៀតមិនស្ថិតនៅក្នុងតុលាការនោះទេ កាលពីថ្ងៃពុធ ហើយក៏មិនបានតាមដានមើលពីចម្ងាយនោះដែរ ដោយសារតែលោកមិនស្រួលខ្លួន។

ការតស៊ូតាមផ្លូវច្បាប់របស់ជនជាតិអូស្ត្រាលីរូបនេះ បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១០ ហើយលោក បានចំណាយពេល៧ឆ្នាំនៅក្នុងស្ថានទូតអេក្វាឌ័រ មុនពេលលោកត្រូវបានគេបញ្ចូនទៅដាក់ពន្ធនាគារក្នុងឆ្នាំ ២០១៩ ពីបទបំពានលក្ខខណ្ឌធានាឲ្យនៅក្រៅឃុំ។លោកត្រូវបានគេឃុំឃាំងនៅក្នុងពន្ធនាគារសន្តិសុខកម្រិតខ្ពស់នៅទីក្រុងឡុងដ៍្រ ចាប់តាំងពីពេលនោះមក និងបានរៀបអាពាហ៍ពិពាហ៍នៅទីនោះ ខណៈនៅចុងក្រោយ ចក្រភពអង់គ្លេស បានអនុម័តការធ្វើបត្យាប័នលោកទៅកាន់សហរដ្ឋអាមេរិកនៅ ឆ្នាំ ២០២២។
មេធាវីរបស់លោក Assange និយាយថា លោកអាចត្រូវបានកាត់ទោសជាប់ពន្ធនាគាររហូតដល់១៧៥ឆ្នាំ ប៉ុន្តែទំនងជានៅត្រឹមយ៉ាងហោចណាស់ ៣០ ទៅ ៤០ ឆ្នាំ ក្នុងករណីបទចោទប្រកាន់ចំនួន១៨ករណី។ ប្រសិនបើលោក អាសាញ(Assange) ឈ្នះរឿងក្តីនេះ សវនាការបណ្តឹងឧទ្ធរណ៍ពេញលេញនឹងត្រូវធ្វើឡើង។ ប្រសិនបើលោកចាញ់ ជម្រើសតែមួយគត់របស់លោក គឺនៅតុលាការសិទ្ធិមនុស្សអឺរ៉ុប។ ភរិយារបស់លោក និយាយថា មេធាវីរបស់លោកនឹងដាក់បណ្តឹងទៅតុលាការនោះ ដើម្បីសុំដីកាប្រសិនបើចាំបាច់។