កសិករដែលកំពុងតវ៉ានៅក្នុងប្រទេសឥណ្ឌា បានប្រើប្រាស់ខ្លែងកាលពីថ្ងៃពុធ ដើម្បីធ្វើឲ្យទាក់ជាប់យានដ្រូនរបស់នគរបាល ដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងសន្តិសុខ ដើម្បីបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកទៅលើក្រុមបាតុករ ក្នុងការប៉ុនប៉ងបំបែកក្រុមតវ៉ាពួកគេ។

បន្ថែមលើការបង្ហោះខ្លែង កសិករក៏បានបាញ់ចំពាម និងកាំភ្លើងបាញ់បញ្ចេញអណ្តាតភ្លើង ដើម្បីប្រឆាំងយានដ្រូន។ រយៈពេល១សប្តាហ៍កន្លងទៅនេះ កសិកររាប់ពាន់នាក់ បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខ ចម្ងាយប្រហែល២០០គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Delhi បន្ទាប់ពីនគរបាល បានបញ្ឈប់ការដង្ហែក្បួនបាតុកម្មរបស់កសិករដែលគេហៅថា«តោះយើងទៅកាន់ទីក្រុងដេលី» ដើម្បីទាមទារតម្លៃខ្ពស់ជាងនេះពីរដ្ឋាភិបាល សម្រាប់កសិផលរបស់ពួកគេ។

កាលពីថ្ងៃពុធ កសិករ បានផ្អាកការតវ៉ា បន្ទាប់ពីរដ្ឋាភិបាលបានផ្តល់សំណើថ្មីដើម្បីបន្តការចរចា ប៉ុន្មានម៉ោងបន្ទាប់ពីនគរបាលបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងប្រើប្រាស់កាណុងបាញ់ទឹក ដើម្បីបំបែកហ្វូងមនុស្សរាប់ពាន់នាក់ ដែលកំពុងដើរតវ៉ាទៅកាន់ទីក្រុងដេលី។ កសិករបាននាំយកត្រាក់ទ័រ និងរថយន្តដឹកទំនិញរបស់ពួកគេមកតវ៉ាជាមួយ ហើយបានប្រើប្រាស់ឧបករណ៍កសិកម្មទាំងនេះ និងឧបករណ៍កសិកម្មផ្សេងទៀត ដើម្បីរារាំងដល់សកម្មភាពរបស់នគរបាល ។