បន្ទាយមានជ័យ ៖ នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រតិភូអន្តរក្រសួង មានក្រសួងមន្ទីរធនធានទឹក និងឧត្តមនិយម និងក្រសួងសេដ្ឋកិច្ច បានអញ្ជើញចុះពិនិត្យមើលគម្រោងនៃការស្តារស្ទឹង ចាប់ពីចំណុចអូរកំបុត ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក កាត់តាមស្រុកស្វាយចេក ចូលមកក្រុងសិរីសោភ័ណ ដែលជាផ្លូវទឹកយ៉ាងសំខាន់ក្នុងការបញ្ចៀសទឹកជំនន់ ខណៈរយៈពេលប៉ុន្មានឆ្នាំមកនេះខេត្តបន្ទាយមានជ័យ បានទទួលរងនូវគ្រោះទឹកជំនន់ជារៀងរាល់ឆ្នាំ ដែលទឹកជំនន់ធ្លាក់មកពីប្រទេសថៃផង និងទឹកជំនន់ទឹកភ្លៀងផង។

បើតាមការបញ្ជាក់ឱ្យដឹងពីលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត ការស្ដារស្ទឹងនេះគឺជាសរសៃឈាមយ៉ាងសំខាន់ក្នុងការបញ្ចៀសនូវទឹកជំនន់ ដែលតែងតែកើតមានជារៀងរាល់ឆ្នាំ ដោយសារតែការប្រែប្រួលអាកាសធាតុ។ លោកថា ជាក់ស្តែងគម្រោងនៃការស្តារស្ទឹងនេះ វាពិតជាផ្តល់អត្ថប្រយោជនច្រើន សម្រាប់ប្រជាពលរដ្ឋទាំង៣ស្រុក មានស្រុកថ្មពួក ស្វាយចេក និងក្រុងសិរីសោភ័ណ។ ទី១-បញ្ចៀសនូវទឹកជំនន់, ទី២-អាចស្តុបទឹកទុកសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ក៏ដូចជាបម្រើរក្នុងវិស័យកសិកម្ម។

សូមបញ្ជាក់ផងដែរថា គម្រោងស្ដារស្ទឹងចាប់ពីចំណុច អូរកំបុត ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក កាត់តាមស្រុកស្វាយចេក ទៅស្ទឹងសិរីសោភ័ណ ក្រុងសិរីសោភ័ណ មានប្រវែងប្រមាណជាង ៨០គីឡូម៉ែត្រ។ ដោយជំហានដំបូង បានអនុវត្តគម្រោងស្ដារស្ទឹងស្វាយចេក ដែលមានប្រវែង ១៦គីឡូម៉ែត្រ ត្រូវបានស្ថាបនារួចរាល់ហើយ។ ជំហានទី២ នឹងចាប់ផ្តើមពីព្រំប្រទល់នៃស្រុកស្វាយចេក ទៅក្រុងសិរីសោភ័ណ ឆ្ពោះទៅស្ពានទី២ ចូលស្ទឹងសិរីសោភ័ណ៕ អត្ថបទ រូបភាព រឿង ចន្ទ្រា






