ក្រុមអ្នកការទូតបាននិយាយថា បណ្ដារដ្ឋមន្ត្រីការបរទេសលោកខាងលិច មកពីក្រុមប្រទេសទាំង២០ (G20) ដែលជួបប្រជុំគ្នានៅប្រទេសប្រេស៊ីល កាលពីថ្ងៃពុធ (២១ កុម្ភៈ) បានប្រើវោហារស័ព្ទវាយប្រហារយ៉ាងខ្លាំងក្លាលើរុស្ស៊ី ចំពោះការលុកលុយអ៊ុយក្រែន របស់ខ្លួន ខណៈរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្កេ ឡាវរ៉ូវ (Sergei Lavrov) អង្គុយស្តាប់យ៉ាងស្ងប់ស្ងៀម។

យោងតាមការិយាល័យរដ្ឋមន្ត្រីការបរទេសអង់គ្លេស បានឱ្យដឹងថា លោករដ្ឋមន្ត្រី ដេវីដ កាមេរ៉ូន (David Cameron) បានប្រាប់កិច្ចប្រជុំបិទទ្វារនេះថា «រុស្ស៊ី ត្រូវតែទទួលខុសត្រូវ និងទូទាត់ការចំណាយសម្រាប់ការឈ្លានពានរបស់ខ្លួនក្នុងអ៊ុយក្រែន»។ ប្រមុខការទូតមកពីសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា អាល្លឺម៉ង់ អ៊ីតាលី បារាំង និងន័រវេស ក៏បានធ្វើការលើកឡើងស្រដៀងគ្នានេះដែរ នៅថ្ងៃដំបូងនៃកិច្ចប្រជុំរយៈពេលពីរថ្ងៃ។

រដ្ឋមន្ត្រីការបរទេសន័រវេស លោក អេសស្ពេន បាតអាយដឺ (Espen Barth Eide) បានប្រាប់អ្នកយកព័ត៌មានថា លោក ឡាវរ៉ូវ បានឆ្លើយតបយ៉ាងស្ងប់ស្ងៀមចំពោះការលើកឡើងរបស់លោក កាមេរ៉ូន ដោយប្រាប់ពី «ការពិតដែលគ្មានអ្នកដឹងជាច្រើន» អំពីព្រឹត្តិការណ៍នៅអ៊ុយក្រែន។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីរៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូល G20 នៅខែវិច្ឆិកា ខាងមុខ។ នៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីខែកញ្ញា បណ្ដាមេដឹកនាំ G20 បានអនុម័តសេចក្តីប្រកាសមួយ ដែលចៀសវាងការថ្កោលទោសដោយផ្ទាល់លើរុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែបានអំពាវនាវឱ្យរដ្ឋទាំងអស់កុំប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកទឹកដី៕