ប្រទេសចិន គឺជាកន្លែងមួយក្នុងចំណោមកន្លែងចំណាយច្រើនបំផុតក្នុងពិភពលោកក្នុងការចិញ្ចឹមកូន ធៀបនឹងតួលេខផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ នេះបើយោងតាមការលើកឡើងរបស់ស្ថាប័នគិតគូររបស់ចិនកាលពីថ្ងៃពុធ (២១ កុម្ភៈ) ខណៈដែលស្ថាប័ននេះបានរៀបរាប់លម្អិតអំពីការចំណាយទាំងពេលវេលា និងឱកាសសម្រាប់ស្ត្រីដែលជ្រើសរើសមានកូននៅក្នុងប្រទេសនេះ។

របាយការណ៍ពីវិទ្យាស្ថានស្រាវជ្រាវចំនួនប្រជាជន អ៊ូវ៉ា (YuWa) ដែលមានមូលដ្ឋាននៅក្រុងប៉េកាំង បានឱ្យដឹងថា តម្លៃនៃការចិញ្ចឹមកូនម្នាក់រហូតដល់ពួកគេមានអាយុ ១៨ ឆ្នាំ ធៀបនឹងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ គឺប្រហែល ៦,៣ ដងនៅក្នុងប្រទេសចិន ដែលប្រហែលនឹង ៦៨០.០០០យ័ន (៩៤.៥៥៧ ដុល្លារអាមេរិក) ធៀបនឹងចំនួន ២,០៨ ដងក្នុងប្រទេសអូស្ត្រាលី, ចំនួន ២,២៤ ដងនៅបារាំង, ចំនួន ៤,១១ ដងនៅសហរដ្ឋអាមេរិក និងចំនួន ៤,២៦ ដងនៅក្នុងប្រទេសជប៉ុន។

ការចិញ្ចឹមកូន ក៏នាំទៅរកការកាត់បន្ថយម៉ោងការងារ និងអត្រាប្រាក់ឈ្នួលរបស់ស្ត្រីផងដែរ ខណៈជីវភាពរបស់បុរសនៅតែមិនមានការផ្លាស់ប្តូរច្រើន។ របាយការណ៍នេះធ្វើឡើងបន្ទាប់ពីចំនួនប្រជាជនរបស់ប្រទេសចិន បានធ្លាក់ចុះជាលើកទីពីរជាប់ៗគ្នាក្នុងឆ្នាំ២០២៣ ខណៈអត្រាកើតបានធ្លាក់ចុះមកនៅត្រឹមពាក់កណ្តាលនៃឆ្នាំ២០១៦។
ស្ត្រីជនជាតិចិនកាន់តែច្រើន កំពុងជ្រើសរើសមិនយកកូនដោយសារតែថ្លៃថែទាំកុមារខ្ពស់ខ្លាំងពេក និងការមិនចង់រៀបការ ឬការភ័យខ្លាចថាត្រូវផ្អាកអាជីពការងាររបស់ខ្លួនបន្ទាប់ពីមានកូន ខណៈពេលដែលការរើសអើងយេនឌ័រនៅតែមានច្រើន៕