មន្ទីរពេទ្យកុមារអង្គរ ជាអង្គការក្រៅរដ្ឋាភិបាលមិនស្វែងរកប្រាក់ចំណេញ ដែលមានទីតាំងស្ថិតនៅខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ មន្ទីរពេទ្យកុមារអង្គរ បានផ្តល់ការពិនិត្យ ព្យាបាល និងថែទាំសុខភាព សង្គ្រោះអាយុជីវិតដល់កុមារចំនួនជាង ២,៥លានករណី។

ក្នុងឱកាសអបអរសាទរខួបគម្រប់ ២៥ឆ្នាំ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈនេះ មន្ទីរពេទ្យកុមារអង្គរ បានឲ្យដឹងថា ក្រៅពីជាមន្ទីរពេទ្យឈានមុខមួយក្នុងការផ្តល់ការពិនិត្យ ព្យាបាល និងថែទាំ ដោយឯកទេសក្នុងប្រទេសកម្ពុជា ក៏ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដ៏ឧត្តុង្គឧត្តមមួយ សំរាប់មន្ត្រីសុខាភិបាលជំនាន់ក្រោយ ដែលគិតមកដល់ពេលនេះ បានបណ្តុះបណ្តាល ប្រមាណ ៧៨ម៉ឺនជាវត្តមាន ដល់និស្សិតវេជ្ជសាស្ត្រ និងមន្ត្រីសុខាភិបាលទាំងក្នុង និងក្រៅមន្ទីរពេទ្យ។ លើសពីនេះទៀត ក៏បានអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ សិស្សានុសិស្ស និងមន្ត្រីភូមិ ឃុំ នៅក្នុងខេត្តសៀមរាប និងព្រះវិហារ ចំនួនប្រមាណ ១,៥លានវត្តមាន។

វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានសម្តែងនូវការថ្លែងអំណរគុណ និងដឹងគុណចំពោះបុគ្គលិក អ្នកស្ម័គ្រចិត្ត ម្ចាស់ជំនួយ ដៃគូ និងអ្នកគាំទ្រទាំងអស់ ដែលបានចូលរួមចំណែកសម្រេចនូវកិច្ចកាងាររបស់មន្ទីរពេទ្យកុមារអង្គរ។ លោក បានបន្តថា ទោះបីជាមានការប្រឈមមុខនឹងបញ្ហា និងការលំបាកជាច្រើននាពេលកន្លងមក ប៉ុន្តែក្រុមការងារទាំងអស់ តែងតែតស៊ូដោយភាពក្លាហាន និងក្តីមេត្តាករុណា។

លោកបានអំពាវនាវដល់សប្បុរសជន បណ្តាក្រុមហ៊ុន និងស្ថាប័នទាំងអស់ បន្តការបិរច្ចាគ និងគាំទ្រមកកាន់មន្ទីរពេទ្យកុមារអង្គរ ជាពិសេសនៅក្នុងយុទ្ធនាការរៃអង្គាស ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដើម្បីស្វែងរកមូលនិធិ ដើម្បីកសាងមជ្ឈមណ្ឌល រងរបួស និងប៉ះទង្គិចធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យកុមារអង្គរ៕ អត្ថបទ៖ ឈិត បូរ៉ាវី


