សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ក្នុងឱកាស អញ្ជើញជាអធិបតី ចូលរួមប្រកាសទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ នៅកោះពេជ្រ។
ក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា អបអរសាទរ ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈ គំរូក្នុងវិស័យអប់រំកម្រិតអនុវិទ្យាល័យចំនួន ១០ និងកម្រិតសាលាបឋមសិក្សាចំនួម ១០ ព្រមទាំងវិស័យសុខាភិបាល កម្រិតមណ្ឌលសុខភាព ចំនួន ១០ សម្រាប់ឆ្នាំ២០២៣។
សម្ដេចធិតបី បានថ្លែងថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលនេះ ក៏ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈផ្តល់ការលើកទឹកចិត្តដែលទទួលស្គាល់ពីរាជរដ្ឋាភិបាល និងផ្តល់រង្វាន់លើកទឹកចិត្តជាថវិកាផងដែរ។
សូមជម្រាបថា ការកសាង និងពង្រីកភាពជាគំរូនេះចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺអប់រំ និងសុខាភិបាល ដែលត្រូវបានដាក់ឱ្យអនុវត្តនាឆ្នាំ២០១៨ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ហើយត្រូវបានបន្តផ្តល់ការយកចិត្តទុកដាក់និងជំរុញបន្ថែមកាន់តែខ្លាំង។
រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអាទិភាពមួយចំនួន រួមមាន ការពង្រឹងនិងការកែទម្រង់ស្ថាប័នដោយខិតខំកសាងរដ្ឋបាលសាធារណៈឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងការលើកកម្ពស់សមត្ថភាពធនធានមនុស្សនិងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយការកសាងធនធានមនុស្សប្រកបដោយសមត្ថភាពជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ៕អត្ថបទ៖ វ៉ន ដារ៉ា