យោងតាមអាជ្ញាធរបានឱ្យដឹងថា កម្មកររថភ្លើងនៅក្នុងប្រទេសអាហ្សង់ទីន បានធ្វើកូដកម្មទូទាំងប្រទេសរយៈពេល២៤ម៉ោង កាលពីថ្ងៃពុធ ដោយទាមទារដំឡើងប្រាក់ឈ្នួលកាន់តែប្រសើរជាងនេះ ខណៈរដ្ឋាភិបាល បានប្រកាសថា ខ្លួនអាចនឹងពិន័យអ្នកទាំងឡាយណាដែលទទួលខុសត្រូវ ក្នុងការរៀបចំការបញ្ឈប់ការងារនេះ។

អ្នកនាំពាក្យប្រធានាធិបតី លោក ម៉ាញូអ៊ែល អាដននី(Manuel Adorni) បាននិយាយថា មនុស្សជាងមួយលាននាក់ បានរងផលប៉ះពាល់ក្នុងមធ្យោបាយរបស់ពួកគេក្នុងពេលទៅធ្វើការងារ ទៅពិគ្រោះយោបល់ផ្នែកវេជ្ជសាស្រ្ត និងសកម្មភាពកម្សាន្តដ៏ទៃទៀត ដោយសារការធ្វើកូដកម្មរបស់កម្មកររថភ្លើង។

ការបញ្ឈប់សេវារថភ្លើង បាននាំឱ្យរដ្ឋធានី Buenos Aires ជិតឈានដល់ភាពជាប់គាំង ដែលខ្សែរថភ្លើងក្រោមដី និងរថយន្តក្រុង មានអ្នកដំណើរច្រើនលើសលប់ ដោយអ្នកធ្វើដំណើរក្នុងជួរដ៏វែងរង់ចាំនៅមជ្ឈមណ្ឌលដឹកជញ្ជូន នៅទូទាំងទីក្រុង។ អគ្គលេខាធិការនៃសហជីពប្រតិបត្តិកររថភ្លើង លោក Omar Maturano បាននិយាយថា កម្មករកំពុងអំពាវនាវឱ្យមានការរៀបចំឡើងវិញប្រាក់ឈ្នួល ដែលបណ្តាលមកពីអត្រាអតិផរណាហក់ឡើងខ្ពស់ របស់ប្រទេសអាហ្សង់ទីន។
បុគ្គលិកថែទាំសុខភាព ក៏មានផែនការធ្វើកូដកម្មរយៈពេល ២៤ម៉ោង នៅថ្ងៃព្រហស្បតិ៍នេះដែរ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលកាន់តែប្រសើរជាងនេះ ខណៈបុគ្គលិកក្នុងវិស័យផ្សេងៗទៀត រួមមានវិស័យអប់រំ បាននិយាយថាពួកគេនឹងធ្វើកូដកម្មនៅថ្ងៃចន្ទ លុះត្រាតែរដ្ឋាភិបាលជួបជាមួយសហជីព ដើម្បីពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួល។
មេដឹកនាំសហជីពរថភ្លើង បានជួបប្រជុំកាលពីថ្ងៃពុធ ជាមួយអាជ្ញាធរ ដើម្បីពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួល ប៉ុន្តែពុំមានការស្របមតិគ្នានោះទេ ហើយពួកគេបានព្រមព្រៀងផ្អាកកិច្ចពិភាក្សា រហូតដល់ថ្ងៃអង្គារ។