អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា គ.ជ.ប នឹងមានវិធានការច្បាប់ប្រសិនមានពាក្យបណ្តឹងពាក់ព័ន្ធនឹងការគំរាមកំហែងដល់អង្គបោះឆ្នោត។
ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់ BTVនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ថា ក្នុងពេលគណបក្សនយោបាយទាំង៤ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ គ.ជ.ប កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោត ដែលកំពុងប្រព្រឹត្តទៅតាមបណ្តារាជធានី-ខេត្ត រួមទាំងស្ថានភាពទូទៅក្នុងមូលដ្ឋានរៀបចំការបោះឆ្នោតនីមួយៗ។
ឆ្លើយតបទៅនឹងសំណួរអំពីការទទួលពាក្យបណ្តឹងទៅលើការគំរាមកំហែងអង្គបោះឆ្នោត ឯកឧត្តម បញ្ជាក់ថា មកទល់ពេលនេះ គ.ជ.ប ពុំទាន់ទទួលបានពាក្យបណ្តឹងណាមួយពីបុគ្គល ឬគណបក្សនយោបាយណាមួយនៅឡើយ។ ឯកឧត្តម បន្តថា ទោះជាយ៉ាងណា គ.ជ.ប ស្វាគមន៍ និងរង់ចាំទទួលពាក្យបណ្តឹង ដើម្បីដោះស្រាយ ក៏ដូចជាមានចំណាត់ការតាមផ្លូវច្បាប់ផ្អែកលើបទបញ្ជា និងនីតិវិធី។
ជាមួយគ្នា អ្នកនាំពាក្យ គ.ជ.ប បានអំពាវនាវដល់បណ្តាគណបក្សនយោបាយ និងសកម្មជនទាំងអស់បង្កើនភាពអត់ធ្មត់ និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីគណបក្សនយោបាយ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលជាគំរូល្អសម្រាប់ការបោះឆ្នោតផ្សេងទៀតនាពេលខាងមុខ។
ទន្ទឹមគ្នានេះ អ្នកនាំពាក្យ គ.ជ.ប បានណែនាំឱ្យគណបក្សនយោបាយចំនួនបួន ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ បន្តរក្សាសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោតរបស់ខ្លួន ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ក៏ដូចជាសេចក្តីណែនាំស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ខណៈយុទ្ធនាការឃោសនាបោះឆ្នោតនឹងបញ្ចប់នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការិយាល័យសរុបចំនួន៣៣ការិយាល័យ និងអង្គបោះឆ្នោតសរុបចំនួន ១១,៧៤៧នាក់ ក្នុងនោះអ្នកតំណាងរាស្ត្រក្នុងតំណែងមានចំនួន ១២៥ នាក់ និងក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេសចំនួន ១១,៦២២នាក់។ ក្នុងនោះ ចំពោះគណបក្សនយោបាយចំនួន៤ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខនេះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ៕ អត្ថបទ៖ សេក ឧត្តម
