យោងតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ នេះ បានឲ្យដឹងថា ចំហេះព្រៃ រាលដាលខ្លាំង ដូចជាចំហេះព្រៃដែលបានឆេះរាលដាលនៅប្រទេសឈីលីភាគកណ្តាល និងបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៣៣នាក់ស្លាប់ ក្នុងខែនេះ នឹងទំនងជាកើតមានបន្ថែមទៀតនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ ដោយសារតែបម្រួលបម្រួលអាកាសធាតុបានធ្វើឱ្យពិភពលោកកាន់តែឡើងកម្តៅ និងស្ងួតហួតហែង។ ចំហេះព្រៃ ជាគ្រោះមហន្តរាយធម្មជាតិខ្លាំងបំផុតនៅប្រទេសឈីលី ចាប់តាំងពីការរញ្ជួយដីឆ្នាំ ២០១០ បណ្តាលឲ្យមនុស្សប្រមាណ ៥០០ នាក់ស្លាប់។ ខ្យល់បក់ខ្លាំង និងសីតុណ្ហភាពហក់ឡើងខ្ពស់បានជួយជំរុញឱ្យមានការកើនឡើងអណ្តាតភ្លើងយ៉ាងឆាប់រហ័ស ចូលទៅក្នុងតំបន់នានាដែលមានប្រជាជនរស់នៅច្រើន នៅជុំវិញទីក្រុង វីណា ដែល ម៉ា (Vina del Mar) និងទីក្រុង វ៉ាលប៉ារ៉ៃសូល(Valparaiso) ។ របាយការណ៍ពី អង្គការ វើលដ៍ វ៉េឌ័រ អាទ្រីប្យូសិន(World Weather Attribution) ជាក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិសិក្សាពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ លើព្រឹត្តិការណ៍អាកាសធាតុមិនអំណោយផលខ្លាំង បានវិភាគថា ការកើនឡើងនៃស្ថានភាពដែលសីតុណ្ហភាពបង្កឱ្យមានចំហេះព្រៃ ល្បឿនខ្យល់ខ្លាំង និងសំណើមបរិយាកាស ត្រូវបានវាស់វែងដោយខ្នាតរង្វាស់ ដែលមានឈ្មោះថាខ្នាតវាស់វែង HDWI។
របាយការណ៍ បានរកឃើញថា ទាំងការឡើងកម្តៅផែនដីសកល និងបាតុភូតអាកាសធាតុអែលនីញ៉ូ( El Nino) មិនបានជំរុញឱ្យមានការកើនឡើងខ្នាតរង្វាស់ HDWI កាលពីពេលថ្មីៗនេះទេ ក្នុងអំឡុងពេលចំហេះព្រៃ ដោយសារតែតំបន់ឆ្នេរនៅប្រទេសឈីលី មានភាពត្រជាក់ខ្លាំង ខណៈសីតុណ្ហភាពកំពុងឡើងកម្តៅនៅលើដីគោក។ អ្នកវិទ្យាសាស្ត្របាននិយាយថា ប៉ុន្តែវានឹងផ្លាស់ប្តូរដោយការឡើងកម្តៅផែនដី។