
អ្នកនេសាទតៃវ៉ាន់ នៅក្នុងដែនទឹកដ៏រសើបជុំវិញកោះជួរមុខក្បែរឆ្នេរសមុទ្រចិននិយាយថា ពួកគេព្រួយបារម្ភយ៉ាងខ្លាំងអំពីកំណើនភាពតានតឹងជាមួយប្រទេសចិន បន្ទាប់ពីជនជាតិចិនពីរនាក់ បានស្លាប់ក្នុងអំឡុងពេលរត់គេចពីការដេញតាមរបស់ឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់។
ប្រទេសចិន ដែលទាមទារតៃវ៉ាន់ជាទឹកដីរបស់ខ្លួន មានការខឹងសម្បាយ៉ាងខ្លាំង និងបានឆ្លើយតបដោយបើកប្រតិបត្តិការល្បាតរបស់ឆ្មាំល្បាតឆ្នេររបស់ខ្លួន ហើយកាលពីថ្ងៃចន្ទ បានឡើងពិនិត្យលើទូកទេសចរណ៍តៃវ៉ាន់ ដែលប្រតិបត្តិការចេញពីកោះ គីនមិន (Kinmen)។
លោក ហ័ង សុងហ្វឹង (Huang Tsung-feng) លេខាធិការនៃសមាគមអ្នកនេសាទ គីនមិន បាននិយាយថា «បន្ទាប់ពីឧបទ្ទវហេតុនេះ អ្នកនេសាទនឹងនៅតែរងផលប៉ះពាល់ផ្លូវចិត្តដល់កម្រិតធ្ងន់ធ្ងរមួយ នៅពេលដែលពួកគេចេញទៅសមុទ្រ ប៉ុន្តែចំនួនទូកដែលចេញនេសាទកាលពីប៉ុន្មានថ្ងៃមុនគឺនៅតែធម្មតា»។
កោះ គីនមិន ដែលមានប្រជាជនប្រហែល ១០០.០០០ នាក់ និងមានបន្ទាយយោធាតៃវ៉ាន់ដ៏ធំមួយ ស្ថិតនៅចម្ងាយដ៏ជិតពីទីក្រុង សៀមិន (Xiamen) និងទីក្រុង ឈានចូវ (Quanzhou) របស់ប្រទេសចិន៕