
សភាអ៊ីស្រាអែល កាលពីថ្ងៃពុធ (២១ កុម្ភៈ) បានបោះឆ្នោតគាំទ្រការបដិសេធរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ចំពោះការទទួលស្គាល់ជាឯកតោភាគីនៃរដ្ឋប៉ាឡេស្ទីន ខណៈដែលសហគមន៍អន្តរជាតិ បាននិងកំពុងអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងដើម្បីឈានដល់ដំណោះស្រាយរដ្ឋពីរចំពោះជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ដែលអូសបន្លាយរាប់ទសវត្សរ៍។
សភានេះបានអនុម័តការសម្រេចនេះ ដោយមានសមាជិកសភាចំនួន ៩៩ រូបក្នុងចំណោមសមាជិកសភា ១២០ រូប បានបោះឆ្នោតគាំទ្រ។
យោងតាមសេចក្តីប្រកាសដែលចេញដោយសភា បានឱ្យដឹងថា អ៊ីស្រាអែល បដិសេធបទបញ្ជារបស់អន្តរជាតិទាក់ទងនឹងដំណោះស្រាយជាអចិន្ត្រៃយ៍ជាមួយប៉ាឡេស្ទីន ហើយដំណោះស្រាយចំពោះជម្លោះ នឹងត្រូវសម្រេចបានតាមរយៈការចរចាដោយផ្ទាល់រវាងភាគីទាំងពីរដោយគ្មានលក្ខខណ្ឌជាមុន។
ក្រសួងការបរទេសប៉ាឡេស្ទីន នៅថ្ងៃដដែលនោះបានជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែល ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុវត្តដំណោះស្រាយរដ្ឋទាំងពីរ ដើម្បីធានាបានជោគជ័យដល់ការចរចានាពេលអនាគត។
ប៉ុន្តែលោក ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃអាទិត្យថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅដំណាក់កាលនេះនឹងក្លាយជា «រង្វាន់សម្រាប់អំពើភេរវកម្ម» ហើយនឹងធ្វើឱ្យប៉ះពាល់ដល់ឱកាសនៃកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង៕