
មន្ត្រីឆ្មាំល្បាតឆ្នេរហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ (២២ កុម្ភៈ) នេះបាននិយាយថា ការអះអាងរបស់សមភាគីចិន ដែលថានាវានេសាទហ្វីលីពីន «បានរំលោភបំពានដោយខុសច្បាប់» ចូលទៅក្នុងដែនទឹករបស់ទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង គឺមិនត្រឹមត្រូវនោះទេ។
ឆ្មាំល្បាតឆ្នេរចិន បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបណ្ដេញនាវាមួយគ្រឿងរបស់ការិយាល័យធនធាននេសាទ និងជលផលរបស់ហ្វីលីពីន (BFAR) ហើយបានចោទប្រកាន់ពួកគេថាបាន «រំលោភបំពានដោយខុសច្បាប់» ចូលទៅក្នុងទឹករបស់ខ្លួននៅជិតដែនទឹក ស្កាបូរ៉ូ ស្ហូល (Scarborough Shoal)។
លោកស្នងការ ជេ តារៀលឡា (Jay Tarriela) អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរទទួលបន្ទុកបញ្ហាសមុទ្រចិនខាងត្បូងបានប្រាប់អ្នកយកព័ត៌មានថា «សេចក្តីថ្លែងការណ៍របស់ចិននេះគឺមិនត្រឹមត្រូវនោះទេ។ បច្ចុប្បន្ននេះ នាវារបស់ការិយាល័យ BFAR កំពុងធានាយ៉ាងសកម្មនូវសន្តិសុខរបស់អ្នកនេសាទហ្វីលីពីននៅក្នុងដែនទឹក បាចូ ដឺ ម៉ាស៊ីនឡុក (Bajo De Masinloc)»។
ដោយស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសហ្វីលីពីន ដែនទឹកថ្មប៉ប្រះទឹក ស្កាបូរ៉ូ ស្ហូល ត្រូវបានទាមទារសិទ្ធិដោយប្រទេសចិនថាជារបស់ខ្លួន ដែលធ្វើឱ្យដែនទឹកនេះក្លាយជាតំបន់សមុទ្រដែលមានការប្រកួតប្រជែងបំផុតរបស់អាស៊ី និងជាចំណុចតានតឹងដែលបង្កឱ្យមានជម្លោះជាច្រើន៕