មីយ៉ាន់ម៉ា៖ ប្រធានផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃអង្គារទី៦ ខែកក្កដាថា ស្ថានភាពដ៏ធ្ងន់ធ្ងរនៅសហភាពមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ កំពុងជំរុញប្រទេសទៅរកសង្គ្រាមស៊ីវិលដែលអាចកើតមាន ហើយអាចបង្កអសន្តិសុខក្នុងតំបន់ទៀតផង។

ថ្លែងនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet បានពណ៌នាថា សហភាពមីយ៉ាន់ម៉ាក្នុងប៉ុន្មានខែថ្មីៗនេះ បានវិវត្តពីវិបត្តិនយោបាយទៅជាមហន្តរាយសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ។ លោកស្រីបាននិយាយថា “ការឈឺចាប់ និងអំពើហិង្សានៅទូទាំងប្រទេសគឺជាការរំពឹងទុកដ៏អាក្រក់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ហើយបង្កើនលទ្ធភាពនៃការបរាជ័យរបស់រដ្ឋ ឬការរីកកាន់តែធំនៃសង្គ្រាមស៊ីវិល។ បន្ថែមពីលើនេះលោកស្រីបានព្រមានថា ការវិវឌ្ឍន៍ដ៏មហន្តរាយនៅក្នុងសហភាពមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារកំពុងបង្កយ៉ាងច្បាស់ដល់អសន្តិសុខដ៏ធំធេង ដែលនឹងរីកកាន់តែធំនៅក្នុងតំបន់៕
អត្ថបទ៖ សុខមាន