
ក្រុមអ្នកជំនាញ និងមន្ត្រីឧស្សាហកម្មបាននិយាយថា ការប្រើប្រាស់មីស៊ីលបាលិស្ទិកប្រឆាំងនាវា (ASBMs) នៅក្នុងសមុទ្រក្រហម បានជំរុញឱ្យមានការចាប់អារម្មណ៍នៅក្នុងតំបន់អាស៊ី អំពីប្រព័ន្ធដែលប្រើដើម្បីបាញ់ទម្លាក់មីស៊ីលទាំងនោះ ខណៈប្រទេសចិន ដែលមានឃ្លាំងអាវុធមីស៊ីលបាលិស្ទិកប្រឆាំងនាវា ASBM ដ៏ធំ បង្ហាញពីបញ្ហាប្រឈមដ៏តឹងតែង។
ប្រព័ន្ធផ្សព្វផ្សាយរបស់បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) ចេញផ្សាយចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២០ ខែកុម្ភៈ លើការប្រើប្រាស់លើកដំបូងរបស់ពិភពលោកនៃមីស៊ីលបាលិស្ទិកប្រឆាំងនាវា ASBM ក្នុងការប្រយុទ្ធ បានបង្ហាញពីមីស៊ីល ASBM សរុបចំនួន ៤៨ គ្រាប់និងការស្ទាក់ចាប់ចំនួន ១២ គ្រាប់នៅក្នុងសមុទ្រក្រហម។
នៅខាងក្រៅកម្មវិធី ការតាំងពិព័រណ៍សឹង្ហបុរី (Singapore Airshow) នៅសប្តាហ៍នេះ នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនម៉ៅការវិស័យការពារជាតិសហរដ្ឋអាមេរិកបាននិយាយថា សកម្មភាពការពារដែនអាកាសនៅសមុទ្រក្រហម និងនៅអ៊ុយក្រែន បានទាក់ទាញចំណាប់អារម្មណ៍អតិថិជនដ៏មានសក្តានុពលនៅក្នុងតំបន់អាស៊ី។
លោក រ៉ូប៊ឺត ហ៊ូសុន (Robert Hewson) នៃក្រុមហ៊ុនបច្ចេកវិទ្យា សាអាប (Saab) របស់ប្រទេសស៊ុយអែត បាននិយាយនៅក្នុងកម្មវិធីតាំងពិព័រណ៍នោះថា អតិថិជននៅអាស៊ី ឥឡូវនេះមានការចាប់អារម្មណ៍កាន់តែច្រើនលើប្រព័ន្ធប្រឆាំងនឹងមីស៊ីលបាលិស្ទិក និងអាវុធគំរាមកំហែងពីអាកាសកម្រិតទាប ដូចជាយានដ្រូន ដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារធំៗជាច្រើននៅក្នុងសមុទ្រក្រហម៕