
នាយករដ្ឋមន្ត្រីក្រិក លោក គីរីអាកូស មីតសូតាគីស ( Kyriakos Mitsotakis) កាលពីថ្ងៃពុធ បានស្នើឲ្យ ប្រទេសឥណ្ឌាដើរតួនាទីឈានមុខគេ ក្នុងការកសាងភាពជាដៃគូអន្តរជាតិ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម មិនធ្លាប់មានពីមុនមក ដែលបានបង្កដោយសង្រ្គាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា និងការប្រែប្រួលនៅក្នុងសន្តិសុខអាកាសធាតុ និងថាមពល។
លោក មីតសូតាគីស បាននិយាយបន្ទាប់ពីកិច្ចពិភាក្សារបស់ខ្លួនជាមួយលោកនាយករដ្ឋមន្ត្រីឥណ្ឌា ណា រិនដ្រា ម៉ូឌី (Narendra Modi) ក្នុងទីក្រុងញូវដែលី ( New Delhi) ថា៖«យើងចាត់ទុកឥណ្ឌាជាសសរស្តម្ភសំខាន់មួយនៃស្ថិរភាព និងសន្តិសុខ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។
លោកបានបន្ថែមថា ប្រទេសឥណ្ឌាគួរតែជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសរបស់អឺរ៉ុប។ «នេះ គឺជាការពិតជាដ៏ប្រាកដសម្រាប់ប្រទេសរបស់ខ្ញុំ»។
លោក Mitsotakis ក៏បានបញ្ជាក់ផងដែរថា សង្រ្គាមនៅហ្កាហ្សា បានបណ្តាលឲ្យជនស៊ីវិលស្លាប់យ៉ាងច្រើដ៏គួរឲ្យរន្ធត់ ដោយគ្មានមធ្យោបាយច្បាស់លាស់ឈានទៅរកការបន្ធូរបន្ថយភាពតានតឹងប្រកបដោយនិរន្តរភាពទេ។
លោកក៏បាននិយាយដែរថា សង្គ្រាមនៅអ៊ុយក្រែន គឺច្រើនជាងកិច្ចការអឺរ៉ុបក្នុងតំបន់ និងជាបញ្ហាប្រឈមដ៏ឃោរឃៅចំពោះស្ថិរភាពអន្តរជាតិ។
ប្រទេសឥណ្ឌា ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី បានចៀសវាងការថ្កោលទោសក្រុងម៉ូស្គូចំពោះការឈ្លានពានអ៊ុយក្រែន។
លោកម៉ូឌី បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីលោកបានជួបជាមួយលោកមីតសូតាគីសថា ប្រទេសឥណ្ឌា និងក្រិក បានព្រមព្រៀងគ្នាក្នុងការជំរុញទំនាក់ទំនងក្នុងវិស័យការពារជាតិ ឱសថ អវកាស និងការដឹកជញ្ជូន ខណៈដែលពួកគេ ស្វែងរកការបង្កើនពាណិជ្ជកម្មទ្វេភាគីរបស់ពួកគេទ្វេដង នៅឆ្នាំ ២០៣០ ពីជិត ២ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២-២៣។