
នាយកដ្ឋានកិច្ចការសកលកាណាដាបានឲ្យដឹងថា ប្រទេសកាណាដាបានកោះអញ្ជើញឯកអគ្គរដ្ឋទូតរបស់វិមានក្រឹមឡាំង នៅទីក្រុង Ottawa ដើម្បីបង្ហាញការថ្កោលទោស ចំពោះសេចក្ដីរាយការណ៍អំពីការស្លាប់របស់មេដឹកនាំប្រឆាំង លោក Alexei Navalny ខណៈដែលរូបលោកកំពុងជាប់ឃុំឃាំង នៅរុស្ស៊ី។
រដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Melanie Joly បានស្នើសុំឲ្យកោះអញ្ជើញឯកអគ្គរដ្ឋទូត លោក Oleg Stepanov កាលពីថ្ងៃពុធ (ទី២១ ខែកុម្ភៈ) ដើម្បីស្តាប់ការស្តីបន្ទោសរបស់ប្រទេសកាណាដា ពាក់ព័ន្ធនឹងករណីរបស់លោក Navalny។
សូមបញ្ជាក់ថា ទីភ្នាក់ងារពន្ធនាគាររបស់រុស្ស៊ី កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមកបានប្រាប់ឲ្យដឹងថា លោក Navalny ដែលកំពុងអនវុត្តទោសជាប់ពន្ធនាគាររយៈពេល ១៩ឆ្នាំ នៅក្នុងមន្ទីរឃុំឃាំងតំបន់ Arctic បានសន្លប់បាត់ស្មារតី បន្ទាប់ពីការដើរ ហើយបន្ទាប់មកមិនដឹងខ្លួនវិញឡើយ។
ភ្លាមៗ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ត្រូវបានស្តីបន្ទោសចំពោះការស្លាប់របស់គូប្រជែងនយោបាយរបស់លោករូបនេះ ហើយមេដឹកនាំពិភពលោក ក្នុងនោះរួមទាំងនាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau ផងដែរ បានប្តេជ្ញាឲ្យរុស្ស៊ីទទួលខុសត្រូវលើរឿងនេះ។
ការិយាល័យរបស់លោកស្រី Joly បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយកាលពីល្ងាចថ្ងៃពុធថា មន្ត្រីជាន់ខ្ពស់កាណាដាម្នាក់បានបញ្ជូន «លិខិតថ្កោលទោសយ៉ាងខ្លាំងក្លា» របស់ប្រទេសទៅកាន់លោក Stepanov។ មន្ត្រីរូបនេះក៏បានអំពាវនាវឲ្យរដ្ឋាភិបាលរុស្ស៊ីធ្វើការស៊ើបអង្កេតពេញលេញ និងប្រកបដោយតម្លាភាពលើការស្លាប់នេះ ហើយប្រគល់សាកសពរបស់លោក Navalny ដល់គ្រួសាររបស់លោកដោយមិនមានការពន្យារពេល៕