
អង្គការសុខភាពពិភពលោក(WHO) បានចុះបេសកកម្មជម្លៀសអ្នកជំងឺចេញពីមន្ទីរពេទ្យ Nasser ស្ថិតក្នុងតំបន់ហ្គាហ្សា សម្រាប់ថ្ងៃទី ៣ ។
រូបភាពវីដេអូឃ្លីបដែលបានបញ្ចេញឃើញ ក្រុមការងារ WHO និងក្រុមការងារការិយាល័យអង្គការសហប្រជាជាតិ(UN)ទទួលបន្ទុកការសម្របសម្រួលកិច្ចការមនុស្សធម៌(OCHA) បានជម្លៀសអ្នកជំងឺចេញពីមន្ទីរពេទ្យ Nasser ទៅកាន់មន្ទីរពេទ្យចល័តរបស់អង្គភាពពេទ្យអន្តរជាតិ(IMC) ស្ថិតក្នុងតំបន់ Rafah ។
កម្មករសុខភាពគ្មានអត្តសញ្ញាណម្នាក់ និយាយថា ការងាររបស់លោកនៅក្នុងមន្ទីរពេទ្យ ពិតជាហត់នឿយខ្លាំងណាស់ ក្នុងនោះគ្រូពេទ្យម្នាក់ទៀត និយាយថា ពួកគេខ្វះខាតសម្ភារៈចាំបាច់ជាច្រើន ដើម្បីផ្តល់ការថែទាំសុខភាពប្រកបដោយគុណភាព ដល់អ្នកជំងឺ ។
យោងតាមការអះអាងរបស់ WHO បានឲ្យដឹងថា មន្ទីរពេទ្យ Nasser ស្ថិតក្នុងទីក្រុង Khan Younis ដែលជាទីក្រុងធំជាងគេបំផុតលំដាប់ទី ២របស់តំបន់ហ្គាហ្សា បានបញ្ឈប់ការងាររបស់ពួកគេកាលពីសប្តាហ៍មុន ក្រោយការឡោមទ័ពរយៈពេល ១សប្តាហ៍របស់អ៊ីស្រាអែល បន្ទាប់ពីការវាយឆ្មក់របស់ពួកគេ ។
លោក Jonathan Whittal គឺជាមន្ត្រីអង្គការ OCHA ដែលបានចូលរួមក្នុងបេសកកម្មជម្លៀសកាលពីថ្ងៃទី១៨ និង១៩កុម្ភៈ បាននិយាយថា អ្នកជំងឺនៅមន្ទីរពេទ្យនេះស្ថិតក្នុងស្ថានភាពអស់សង្ឃឹមហើយ បានជាប់ខ្លួននៅទីនោះដោយគ្មានអាហារ ទឹក និងភ្លើង ។
ដោយឡែក មន្ត្រី UN ចាត់ទុកស្ថានភាពដ៏វិនាសកម្មនៅមន្ទីរពេទ្យធំបំផុតទី ២ Nasser ថាជាវាលពិឃាដ។
ការអត្ថាធិប្បាយ នៅក្នុងវីដេអូដែលបានបង្ហោះកាលពីថ្ងៃពុធ បានកើតឡើង ស្របពេលមានក្ដីបារម្ភកាន់តែខ្លាំងចំពោះអ្នកជំងឺរាប់សិបនាក់ និងបុគ្គលិកពេទ្យ ដែលនៅតែជាប់ក្នុងមន្ទីរពេទ្យ នៅពេលដែលអ៊ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែកលើតំបន់នោះ ៕