
សមាគមមជ្ឈមណ្ឌលវិបត្តិការរំលោភសេពសន្ថវៈក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធ បាននិយាយថា ខ្លួនបានរកឃើញភ័ស្តុតាងនៃការរំលោភ «ជាប្រព័ន្ធ និងដោយចេតនា» និងការរំលោភផ្លូវភេទ ក្នុងអំឡុងពេលការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ដែលបានបង្កឲ្យផ្ទុះសង្រ្គាមនៅតំបន់ហ្កាហ្សា។
របាយការណ៍នោះ បានឲ្យដឹងថា ការវាយប្រហារ គឺកាន់តែរីករាលដាលជាងការគិតទុកជាមុន ដែលបានកើតឡើងនៅទីតាំងជាច្រើននៅទូទាំងប្រទេសអ៊ីស្រាអែលភាគខាងត្បូង។
របាយការណ៍ បានបញ្ជាក់ថា៖«ក្នុងករណីខ្លះ ការចាប់រំលោភ ត្រូវបានធ្វើឡើង នៅចំពោះមុខមនុស្ស ដូចជាដៃគូ គ្រួសារ ឬមិត្តភក្តិ ដើម្បីបង្កើនការឈឺចាប់ និងភាពអាម៉ាស់។
លោកស្រី អូរីត ស៊ុលីតហ្សៀនូ ( Orit Sulitzeanu) នាយកប្រតិបត្តិនៃសមាគមនេះ បាននិយាយថា ក្នុងករណីជាច្រើន សាកសពជនរងគ្រោះទាំងប្រុស និងស្រី រួមទាំងប្រដាប់ភេទរបស់ពួកគេ ត្រូវបានកាត់ផ្តាច់យ៉ាងធ្ងន់ធ្ងរ។
របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ មិនបានបញ្ជាក់ពីចំនួនករណីដែលខ្លួនបានចងក្រងជាឯកសារ ឬកំណត់អត្តសញ្ញាណជនរងគ្រោះណាមួយឡើយ។ ។ លោកស្រីស៊ុលីតហ្សៀនូ បាននិយាយថា ការកំណត់អត្តសញ្ញាណជនរងគ្រោះ គឺពិបាក ពីព្រោះមនុស្សជាច្រើន ត្រូវបានសម្លាប់ បន្ទាប់ពីត្រូវបានវាយដំ ហើយអ្នកឆ្លើយតបដំបូងមានច្រើនលើសលប់ ដោយទំហំនៃការស្លាប់ និងការបំផ្លិចបំផ្លាញ ដែលពួកគេ មិនបានកត់ត្រាសញ្ញានៃការរំលោភបំពានផ្លូវភេទទេ។