
ក្រសួងកសិកម្មរុស្សី បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានដឹកជញ្ជូនគ្រាប់ធញ្ញជាតិចំនួន ២០ម៉ឺនតោន តោន ជាជំនួយមនុស្សធម៌ទៅកាន់ប្រទេសចំនួន៦នៅអាហ្វ្រិក ដោយបំពេញតាមការសន្យារបស់វិមានក្រឹមឡាំង ទៅកាន់ទ្វីបនេះ កាលពីខែកក្កដា ឆ្នាំមុន។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌ្មីទ្រី ប៉ាទ្រូសេវ (Dmitry Patrushev) បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ប្រទេសប៊ួគីណាហ្វាសូ ម៉ាលី អេរីទ្រី និង ហ្ស៊ីមបាវ៉េ ដែលប្រទេសនិមួយៗ ទទួលបានគ្រាប់ធញ្ញជាតិចំនួន ២៥.000តោន ខណៈដែលសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងសូម៉ាលី ទទួលបាន ៥០.000តោន រៀងៗខ្លួន។
ភ្លាមៗបន្ទាប់ពីបានគាំទ្រពីកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលត្រូវបានសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងទួរគីដែលអនុញ្ញាឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសន្យានាំចេញគ្រាប់ធញ្ញជាតិដោយឥតគិតថ្លៃទៅកាន់ទ្វីបអាហ្រ្វិក ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលជាមួយមេដឹកនាំមួយចំនួននៅទីក្រុង St. Petersburg កាលពីឆ្នាំមុន។ ចំណាត់ការនេះ មានគោលបំណងពង្រឹងការគាំទ្រពីមេដឹកនាំនៅលើទ្វីបនេះ ចំពេលមានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីលោកខាងលិច។
នាវាទី១ បានចេញដំណើរនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៣។ ពេលវេលាធ្វើដំណើរជាមធ្យមគឺ ៣០-៤០ ថ្ងៃ។ លោក ប៉ាទ្រូសេវ បាននិយាយថា នាវាចុងក្រោយ បានមកដល់ប្រទេសសូម៉ាលី នៅចុងខែមករា ហើយការដឹកទំនិញរបស់វា ត្រូវបានបញ្ចប់នៅថ្ងៃទី១៧ ខែកុម្ភៈ ដោយបន្ថែមថា «នេះជាលើកដំបូងដែលប្រទេសរបស់យើង ធ្វើប្រតិបត្តិការមនុស្សធម៌ទ្រង់ទ្រាយធំបែបនេះ» នេះបើយោងតាមសារព័ត៌មានTASS ។