
រដ្ឋមន្ត្រីការពារជាតិបារាំង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងរុស្ស៊ី បានគំរាមបាញ់ទម្លាក់យន្តហោះរបស់បារាំងដែលកំពុងល្បាតនៅក្នុងដែនអាកាសអន្តរជាតិលើសមុទ្រខ្មៅកាលពីខែមុន ជាសញ្ញានៃឥរិយាបថ «ឈ្លានពានយ៉ាងពិសេស»ពីទីក្រុងមូស្គូ ខណៈដែលការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន កំពុងតស៊ូ ដើម្បីរីកចម្រើនទៅមុខ។
លោករដ្ឋមន្ត្រី Sébastien Lecornu មិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់អំពីជើងហោះហើរ ឬយន្តហោះរបស់បារាំងដែលពាក់ព័ន្ធនឹងការបាញ់ប្រហារ ដែលត្រូវបានគំរាមកំហែងនោះទេ។ ប៉ុន្តែលោកបាននិយាយថា រុស្ស៊ីកំពុងវិលទៅរកឥរិយាបថ «ឈ្លានពានយ៉ាងពិសេស» ដែលរំឭកពីអាកប្បកិរិយារបស់អតីតសហភាពសូវៀត ក្នុងអំឡុងសម័យសង្គ្រាមត្រជាក់។
លោក បាននិយាយតាមវិទ្យុRTL ថា៖«កាលពីមួយខែមុន ដើម្បីផ្តល់ឲ្យអ្នកនូវឧទាហរណ៍ជាក់ស្តែងមួយ ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់រុស្ស៊ី បានគំរាមបាញ់ទម្លាក់យន្តហោះបារាំង នៅសមុទ្រខ្មៅ នៅពេលដែលយើង ស្ថិតនៅក្នុងតំបន់អន្តរជាតិសេរី ដែលយើងកំពុងល្បាត» ។
រដ្ឋមន្ត្រីរូបនេះ បាននិយាយថា៖«អាកប្បកិរិយារបស់រុស្ស៊ីនៅឆ្នាំ ២០២៤ មិនទាក់ទងនឹងអ្វីដែលយើងបានឃើញនៅឆ្នាំ២០២២ ហើយជាក់ស្តែង មុនពេលការឈ្លានពាននៅអ៊ុយក្រែន»។ «ករណីនេះ ត្រូវបានពន្យល់ដោយការពិតដែលថា រុស្ស៊ីមានការលំបាកនៅលើសមរភូមិនៅអ៊ុយក្រែន»។