
លោក Joe Biden កាលពីថ្ងៃពុធ (ទី២១ ខែកុម្ភៈ) បាននិយាយថា រដ្ឋបាលរបស់លោកកំពុងលុបចោលបំណុលប្រាក់កម្ចីនិស្សិតដែលមានតម្លៃ ១,២ពាន់លានដុល្លារ សម្រាប់មនុស្សជិត ១៥៣.០០០នាក់ដែលមានសិទ្ធិទទួលបានក្រោមកម្មវិធីនេះ ដោយប្រធានាធិបតីអាមេរិករូបនេះប្រើប្រាស់កម្មវិធីនេះ ក្នុងគោលបំណងធ្វើតាមកិច្ចសន្យារបស់លោក ដើម្បីពង្រីកបន្ថែមការលើកលែងប្រាក់កម្ចី។
លោក Biden ដែលជាសមាជិករបស់គណបក្សប្រជាធិបតេយ្យ កាលពីឆ្នាំមុន បានសន្យាថា នឹងស្វែងរកមធ្យោបាយផ្សេងទៀត ដើម្បីដោះស្រាយបំណុល បន្ទាប់ពីតុលាការកំពូល កាលពីខែមិថុនា បានរារាំងផែនការដ៏ធំរបស់លោក ដែលចង់ឲ្យមានការលុបចោលនូវបំណុលប្រាក់កម្ចីនិស្សិតចំនួន ៤៣០ពាន់លានដុល្លារ។
អ្នកមាននិន្នាការឆ្វេងនិយម និងអ្នកបោះឆ្នោតវ័យក្មេង ដែលការគាំទ្ររបស់ពួកគេមានសារៈសំខាន់ខ្លាំងណាស់ចំពោះលោក Biden ដើម្បីបានឈ្នះការបោះឆ្នោតឡើងវិញក្នុងខែវិច្ឆិកានោះ បានបញ្ចេញសំឡេងគាំទ្រដល់ការលើកលែងបំណុលប្រាក់កម្ចីរបស់និស្សិត ក្នុងទំហំដ៏ធំទូលាយនេះ។ តែសមាជិករបស់គណបក្សសាធារណរដ្ឋភាគច្រើន ប្រឆាំងនឹងការធ្វើបែបនេះ។
អំឡុងការធ្វើដំណើរទៅកាន់រដ្ឋ California ដែលជាដំណើរផ្តោតសំខាន់លើការរៃអង្គាសប្រាក់ សម្រាប់យុទ្ធនាការការជាប់ឆ្នោតឡើងវិញរបស់លោកនោះ លោក Biden បាននិយាយថា៖ «ខណៈពេលដែលសញ្ញាបត្រមហាវិទ្យាល័យ គឺជាសំបុត្រធ្វើដំណើរឆ្ពោះទៅកាន់ជីវិតដ៏ល្អប្រសើរនោះ សំបុត្រនោះមានតម្លៃថ្លៃពេកណាស់»។
លោក Biden បាននិយាយថា ដំណាក់កាលចុងក្រោយនៃការបន្ធូរបន្ថយបំណុល នឹងក្លាយជា «ជំនួយដ៏ធំ ចំពោះនិស្សិតបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យសហគមន៍ និងអ្នកខ្ចីបុលប្រាក់កម្ចីតិចតួច ដោយធ្វើឲ្យពួកគេបានវិលត្រឡប់ទៅកាន់ផ្លូវត្រូវលឿនជាងមុន ដោយសារតែការលើកលែងបំណុលនេះ»។
សេតវិមានបានប្រាប់ឲ្យដឹងថា ឥឡូវនេះរដ្ឋបាលបានលុបចោលបំណុលនិស្សិតចំនួន ១៣៨ពាន់លានដុល្លារហើយ សម្រាប់មនុស្សជិត ៣,៩លាននាក់ តាមរយៈវិធានការប្រតិបត្តិនេះ៕