
កសិករអ៊ុយក្រែនម្នាក់ និយាយកាលពីថ្ងៃពុធថា លោកខកចិត្តយ៉ាងខ្លាំងនឹងការបិទផ្លូវដោយក្រុមកសិករប៉ូឡូញ ហើយជាពិសេសនៅពេលដឹងថា គ្រាប់ធុញ្ញជាតិអ៊ុយក្រែន ស្ថិតនៅតាមផ្លូវរថភ្លើង និងផ្លូវរថយន្ត ។
គួរឲ្យដឹងថា ក្រុមកសិករប៉ុឡូញ បានបិទផ្លូវម្តងហើយម្តងទៀត ដោយសារពួកគេខឹងនឹងអ្វីដែលពួកគេនិយាយថា គឺជាការប្រកួតប្រជែងពុំយុត្តិធម៌ពីទីក្រុងគីវ ។
ជាក់ស្តែងកាលពីថ្ងៃអង្គារកន្លងទៅ ពួកគេបានបិទការធ្វើចរាចរណ៍ភាគច្រើននៅតាមព្រំដែនជាមួយអ៊ុយក្រែន ធ្វើឲ្យទីក្រុងគីវខឹងសម្បារយ៉ាងខ្លាំង ដែលជាការឡើងកម្តៅខ្លាំងជាងបាតុកម្មលើកមុនៗ ។
ដោយឡែកកាលពីថ្ងៃពុធ ក្រុមកសិករប៉ូឡូញ បានបិទផ្លូវសំខាន់ៗចំនួន ៨ខ្សែដែលជាផ្នែកមួយនៃយុទ្ធនាការតវ៉ា រយៈពេល ១ខែរបស់ពួកគេ ។
ទីក្រុងវ៉ាសូវី បានក្លាយជាអ្នកគាំទ្រដ៏រឹងមាំមួយរបស់ទីក្រុងគីវ ក្នុងការប្រយុទ្ធទប់ទល់នឹងការវាយលុកបស់រុស្ស៊ី ដែលបានចាប់ផ្តើមកាលពីឆ្នាំ ២០២២ ប៉ុន្តែបាតុកម្មពីក្រុមកសិករដែលតវ៉ាប្រឆាំងការប្រកួតប្រជែងមិនយុត្តិធម៌ បានធ្វើឲ្យកើតមានទំនាក់ទំនងជាប់គាំងរវាងប្រទេសជិតខាងទាំង ២ ៕