
ក្រុមមន្ត្រីរដ្ឋាភិបាលឥណ្ឌូនេស៊ីបានឲ្យដឹងថា ប្រទេសរបស់ខ្លួនត្រូវបានវាយប្រហារដោយព្យុះកួចក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក ដោយបានធ្វើឲ្យមនុស្សយ៉ាងតិច ៣៣នាក់ រងរបួស ហើយអគារជាច្រើនខ្នងរងការខូចខាត។
បន្ទាប់ពីកម្លាំងខ្យល់ដ៏ខ្លាំងបានបោកបក់ទីក្រុង Sumedang ក្នុងខេត្ត West Java (ជ្វាខាងលិច) កាលពីថ្ងៃពុធ (ទី២១ ខែកុម្ភៈ) អ្នកជំនាញអាកាសធាតុនៃស្ថាប័នស្រាវជ្រាវរដ្ឋាភិបាល BRIN លោកស្រី Erma Yulihastin បាននិយាយថា ទីភ្នាក់ងារនឹង «កសាងឡើងវិញ និងស្រាវជា្រវពីព្យុះកួចនេះ»។
តាមរយៈការបង្ហោះនៅលើកម្មវិធីបណ្ដាញសង្គម X (ពីមុនជា Twitter) លោកស្រី Yulihastin បានឲ្យដឹងថា ព្យុះនេះស្រដៀងទៅនឹងប្រភេទនៃកម្លាំងខ្យល់បក់ខ្លាំង ដែលជារឿយៗកើតឡើងនៅអឌ្ឍគោលខាងជើង។ រហូតមកដល់ពេលនេះ មានតែព្យុះកួចលក្ខណៈតូចៗប៉ុណ្ណោះ ដែលគេស្គាល់ថា ជា «ព្យុះកំបុតត្បូង» ត្រូវបានគេកត់ត្រា ក្នុងប្រទេសឥណ្ឌូនេស៊ី។
ទីភ្នាក់ងារជួយសម្រាលគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា អ្នករងរបួស មានស្ថានភាពស្រាលទេ។ តាមរយៈវីដេអូដែលសារព័ត៌មាន Reuters បានឃើញ បានបង្ហាញពីខ្យល់បក់បោក ដែលកំពុងវិលកួចទៅលើមេឃ បានស្រូបទាញយកដំបូលរោងចក្រ។ ហើយវីដេអូមួយទៀតដែលផ្សាយដោយទូរទស្សន៍ Kompas TV បានឲ្យឃើញពីដើមឈើកម្រើកញ័រយ៉ាងខ្លាំងនៅតាមផ្លូវធំៗក្នុងក្រុង ខណៈវីដេអូទី៣ បង្ហាញពីបន្ទះក្ដារខាងមុខហាងដួលរលំ ហើយអ្នកស្រុកនាំគ្នាស្រែកដោយភ័យរន្ធត់៕