អ៊ីស្រាអែល ប្តេជ្ញាថា នឹងជំរុញទៅមុខជាមួយនឹងគោលដៅ ដើម្បីផ្លាស់ទីជនស៊ីវិលមួយលាននាក់ ឬច្រើនជាងនេះពីទីក្រុងរ៉ាហ្វា មុនពេលការវាយប្រហារលើទីក្រុងដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា ទោះបីជាក្រុមមន្ត្រីទទួលស្គាល់ជាឯកជនថា ពួកគេមិនមានយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់របៀបធ្វើវា តើវាមានរយៈពេលប៉ុន្មាន ឬមនុស្សទាំងអស់នេះ នឹងត្រូវទៅកន្លែងណា?
នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទដោយសង្ខេបមួយជាមួយសារព័ត៌មានBloomberg កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា លោកបានបញ្ជាឲ្យយោធាបង្កើតផែនការ ដើម្បីផ្លាស់ទីជនស៊ីវិល ហើយកំពុងរង់ចាំផែនការនោះ។
ប្រជាជនហ្កាហ្សា ដែលអស់សង្ឃឹម បានស្វែងរកការជ្រកកោននៅទីក្រុងរ៉ាហ្វា ហើយឥឡូវនេះ មនុស្សជាច្រើន កំពុងរស់នៅក្នុងតង់ និងនៅតាមដងផ្លូវ ដោយប្រឈមនឹងភាពស្រេកឃ្លាន និងជំងឺ។ ការបង្ខំឲ្យពួកគេត្រឡប់ទៅតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញ ត្រូវបានគេរំពឹងថា នឹងបន្ថែមចំនួនអ្នកស្លាប់ដែលមានលើសពី២៩.០០០នាក់រួចហើយ នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស។ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំអ៊ីស្រាអ៊ែល យល់ឃើញថា នេះជាចំណុចផ្លាស់ប្តូរមួយ។ ពួកគេជឿថា ពួកគេ កំពុងខិតជិតដល់ការរុះរើរចនាសម្ព័ន្ធយោធារបស់ក្រុមហាម៉ាស ដែលចាត់ទុកថា ជាអង្គការភេរវកម្មដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហើយការស្វែងរកចំណាប់ថ្នូរចំនួន ១០០នាក់ ដែលនៅសល់។ ពួកគេនិយាយថា ការសម្រេច បាននូវគោលដៅទាំងនេះ អាចសម្រេចបានតែនៅក្នុងទីក្រុងរ៉ាហ្វា ប៉ុណ្ណោះ ដែលក្រុមមន្ត្រីគិតថា មានយុទ្ធជនចន្លោះពី ៥.០០០ ទៅ ៨.000នាក់ និងក្រុមដឹកនាំរបស់ក្រុមហាម៉ាសកំពុងលាក់ខ្លួន ដែលភាគច្រើននៅក្នុងផ្លូវរូងក្រោមដី រួមជាមួយនឹងចំណាប់ថ្នូរ។