
នៅថ្ងៃព្រហស្បតិ៍នេះ ចិននិយាយថា ពួកគេសូមធ្វើការជំទាស់ដាច់ណាត់ចំពោះការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកលើកិច្ចការកោះតៃវ៉ាន់ ក្នុងមធ្យោបាយណាមួយ ក្រោមលេសណាមួយ ហើយនិងជំរុញសហរដ្ឋអាមេរិកឲ្យបញ្ឈប់ការលក់អាវុធដល់កោះស្វ័យគ្រប់គ្រងមួយនេះ ។
សេចក្តីអត្ថាធិប្បាយបែបនេះ បានកើតមានឡើង ក្រោយលោក Mike Gallagher ដែលជាប្រធានគណៈកម្មាធិការទទួលបន្ទុកបញ្ហាចិននៃសភាសហរដ្ឋអាមេរិក បានធ្វើដំណើរមកដល់កោះតៃវ៉ាន់ ជាមួយគណៈប្រតិភូនៃតំណាងរាស្រ្តផ្សេងទៀត នៅថ្ងៃតែមួយ ។
លោក Gallagher បាននិយាយប្រាប់ក្រុមអ្នកសារពត៌មានក្នុងក្រុងតៃប៉ិថា សហរដ្ឋអាមេរិកត្រូវការធានាដល់ការដឹកជញ្ជូនអាវុធទៅកាន់កោះតៃវ៉ាន់ដែលជាវិធានការកំញើញប្រទេសចិន និងកាត់បន្ថយការឈ្លានពានរបស់ពួកគេ ។
ក្រុមអាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលអាមេរិក បានចេញសេចក្តីជូនដំណឹងសំរាប់ការលក់អាវុធក្នុងតម្លៃ ៧៥លានដុល្លា ដើម្បីជួយកោះតៃវ៉ាន់ធ្វើទំនើបកម្មប្រព័ន្ធទូរគមនាគមន៍ Link-16 ដែលយោធាពួកគេ និយាយថា នឹងជួយសម្របសម្រួលកម្លាំងប្រយុទ្ធរបស់ខ្លួន ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនាទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning និយាយថា ចិនជំរុញសហរដ្ឋអាមេរិកឲ្យទទួលស្គាល់ភាពស្មុគ្រស្មាញបំផុត និងភាពរសើបបំផុតនៃបញ្ហាកោះតៃវ៉ាន់ ហើយពួកគេគួរតែបញ្ឈប់ការបញ្ជូនសញ្ញាខុសដល់កងកម្លាំងផ្តាច់ខ្លួនសម្រាប់ឯករាជ្យកោះតៃវ៉ាន់ ៕