ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបប្រជុំ ពិភាក្សាការងារជាមួយ លោក ខិនរ៉ូ អ៊ីស៊ុ ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ និងគណៈកម្មាធិការនាយករបស់មន្ទីរពេទ្យកុមារអង្គរ នៅទីស្តីការក្រសួងសុខាភិបាល, នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលគោលបំណងនៃការជួបពិភាក្សានេះ ដើម្បីស្វែងយល់បន្ថែម និងផ្តល់អនុសាសន៍មួយចំនួនសំដៅឪ្យដំណើរការ និងការដឹកនាំនៅមន្ទីរពេទ្យដ៏សំខាន់មួយនេះធានាបាននិរន្តរភាព និងកាន់តែរីកចំរើន។
បើតាមលោក ខិនរ៉ូ អ៊ីស៊ុ ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ បានជម្រាបជូនពីបេសកកម្មរបស់មន្ទីរពេទ្យកុមារអង្គរ ដែលមានបួនធំៗគឺ៖ ការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ - ផ្តល់ការបណ្តុះបណ្តាល និងកម្មសិក្សាដល់និសិត្យ - ផ្តល់ការអប់រំសុខភាពជូនប្រជាជននៅតាមសហគមន៍ - ជួយរៀបចំ និងបណ្តុះបណ្តាលផ្នែកថែទាំទារកទើបកើតដោយមានបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ។
ចាប់តាំងពីបើកដំណើរការរហូតដល់ពេលបច្ចុប្បន្ននេះ មន្ទីរពេទ្យបានផ្ដល់ការព្យាបាលសរុបប្រមាណ ២,៧ លានករណី។ កុមារប្រមាណ ១០ម៉ឺន ទៅ ១៥ម៉ឺន ករណី ក្នុងមួយឆ្នាំៗបានមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យ សេវាព្យាបាលទាំងនោះរួមមានជំងឺទូទៅ និងទារកឈឺធ្ងន់ សេវាសង្គ្រោះបន្ទាន់ និងជំងឺធ្ងន់កុមារ សេវាចក្ខុរោគ សេវាពិនិត្យសុខភាពមាត់ធ្មេញ កម្មវិធីអាហារូបត្ថម្ភ និងការអប់រំសុខភាពបឋម មន្ទីរពិសោធន៍វេជ្ជសាស្ដ្រ និងផ្នែកមីក្រុបសាស្ដ្រ និងការព្យាបាលជំងឺមហារីកបាតភ្នែក មហារីកឈាមជាដើម។
ទោះយ៉ាងណា លោក ខិនរ៉ូ អ៊ីស៊ុ ក៏ស្នើសុំការណែនាំពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដើម្បីឱ្យមន្ទីរពេទ្យផ្តល់សេវាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដំណើរការដោយនិរន្តរភាព។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានបញ្ជាក់ពីគោលជំហរគាំទ្រដំណើរការមន្ទីរពេទ្យកុមារអង្គរ និងបានស្នើភាគីម្ចាស់ជំនួយបន្តគាំទ្រមន្ទីរពេទ្យ ដើមី្បរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា ឱ្យឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ រដ្ឋា











