អាហ្វហ្គានីស្ថាន៖ ក្រុមតាលីបង់បានបញ្ចេញវីដេអូដែលនិយាយថា បង្ហាញពីទាហានអាហ្វហ្គានីស្ថានចុះចូលនៅក្នុងខេត្ត Baghlan។ យោងតាមពួកតាលីបង់បានឲ្យដឹងថា វីដេអូដែលបង្ហាញពីក្រុមបុរសមុខលាបពណ៌តម្រង់ជួរគ្នាប្រដាប់ដោយអាវុធ ត្រូវបានទទួលស្វាគមន៍ដោយក្រុមមនុស្សស្លៀកពាក់ស៊ីវិល ត្រូវបានគេថតកាលពីខែមិថុនា។
យោងតាមក្រុមមន្ត្រី និងសេចក្ដីរាយការណ៍នានាកាលពីថ្ងៃអង្គារ ការកើនឡើងនៃជ័យជម្នះរបស់ពួកតាលីបង់នៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន បានបណ្តាលឱ្យប្រទេសមួយចំនួនបិទស្ថានកុងស៊ុលរបស់ពួកគេនៅក្នុងតំបន់នេះ ខណៈមានការឆ្លងព្រំដែននៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន កងទ័ពត្រូវបានអំពាវនាវឱ្យពង្រឹងព្រំដែនភាគខាងត្បូង។ យោងតាមសេចក្ដីរាយការណ៍នានាពីទាហានតាហ្ស៊ីគីស្ថាន ទាហានអាហ្វហ្គានីស្ថានជាង ១ពាន់នាក់បានរត់ភៀសខ្លួនគេចចេញពីការវាយប្រហាររបស់ក្រុមតាលីបង់ ដោយឆ្លងព្រំដែនចូលទៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន។
ក្រុមតាលីបង់ដណ្ដើមបានទឹកដីជាបន្តបន្ទាប់ឥតឈប់ឈរ ចាប់តាំងពីពាក់កណ្តាលខែមេសា នៅពេលដែលប្រធានាធិបតី Joe Biden បានប្រកាសថា ទាហានអាមេរិកចន្លោះពី ២៥០០ ទៅ ៣៥០០នាក់ និងទាហានសម្ព័ន្ធណាតូដែលជាសម្ព័ន្ធមិត្តចំនួន ៧ពាន់នាក់នឹងចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន។ កងទ័ពភាគច្រើនបានចាកចេញដោយស្ងៀមស្ងាត់រួចទៅហើយ មុនពេលថ្ងៃកំណត់ដែលបានប្រកាសនៅក្នុងខែកញ្ញា៕
អត្ថបទ៖ សុខមាន