
យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានបានស្ទាក់ចាប់ការវាយប្រហារមួយនៅក្នុងតំបន់សមុទ្រក្រហមនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការព្រមានសំឡេងស៊ីរ៉ែន បានបន្លឺឡើងពីគ្រាប់រ៉ូកែត និងគ្រាប់មីស៊ីល
ចូលមកដល់ក្រុងអេឡាត(Eilat)ភាគខាងត្បូង។
វីដេអូដែលទទួល បានដោយអ្នកសារព័ត៌មានរ៉យទ័រនៅពេលនេះ ជាពេលដែលសំឡេងស៊ីរ៉ែន បានបន្លឺឡើង ខណៈដានផ្សែងពណ៌សត្រូវបានគេឃើញនៅក្នុងអាកាសចេញពីអ្វីដែលកងទ័ពអ៊ីស្រាអែល និយាយថា គឺជាគោលដៅដែលត្រូវស្ទាក់ចាប់។
យោធាបាននិយាយថា គោលដៅនោះមិនបានឆ្លងចូលក្នុងទឹកដីអ៊ីស្រាអែលទេ ហើយក៏មិនបានបង្ហាញពីការគំរាមកំហែងដល់ជនស៊ីវិលដែរ។ ហើយសំឡេងស៊ីរ៉ែននោះបានបន្លឺឡើង ដោយយោងទៅតាមគោលការណ៍ដែលបានគ្រោងទុក។
ក្រុងអេឡាត ស្ថិតនៅតំបន់សមុទ្រក្រហម និងជាគោលដៅឆ្លងកាត់នៃការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ក្រុមហ៊ូធីយ៉េម៉ែន ដើម្បីបង្ហាញនូសាមគ្គីភាពជាមួយជនជាតិប៉ាឡេស្ទីនចាប់តាំងពីការផ្ទុះសង្រ្គាមឡើងក្នុងខែតុលាឆ្នាំកន្លងទៅនេះ៕