
សភារបស់ប្រទេសអាល់បានី នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែកុម្ភៈ) នេះ បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអន្តោប្រវេសន៍ជាមួយប្រទេសអ៊ីតាលី ដោយកិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យមានការសាងសង់មជ្ឈមណ្ឌលគ្រប់គ្រងដោះស្រាយ ចំពោះជនអន្តោប្រវេសន៍ នៅក្នុងប្រទេសបាល់កង់មួយនេះ។
សមាជិកសភាចំនួន ៧៧នាក់ នៅក្នុងសភាដែលមាន ១៤០អាសនៈ បានបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងដែលបានប្រកាសកាលពីខែវិច្ឆិកា ពោលគឺជាកិច្ចព្រមព្រៀង ដែលនឹងអាចឲ្យប្រទេសសមាជិកសហភាពអឺរ៉ុប (EU) គឺអ៊ីតាលី បើកដំណើរការជំរុំចំនួន២ ឆ្លងកាត់សមុទ្រ Adriatic ក្នុងប្រទេសអាល់បានីដែលមិនមែនជាសមាជិក EU។
ជំរុំទី១នឹងត្រួតពិនិត្យជនអន្តោប្រវេសន៍ ពេលមកដល់ ហើយទី២ នឹងឃុំខ្លួនពួកគេ ខណៈពេលដែលពាក្យសុំសិទ្ធិជ្រកកោន កំពុងត្រូវបានដំណើរការ។ បន្ទាប់មក ជនអន្តោប្រវេសន៍ទាំងនោះនឹងត្រូវបានអនុញ្ញាតឲ្យចូលកាន់ប្រទេសអ៊ីតាលី ឬត្រូវធ្វើមាតុភូមិនិវត្តន៍។
កិច្ចព្រមព្រៀងនេះត្រូវបានជំទាស់នៅក្នុងតុលាការធម្មនុញ្ញរបស់ប្រទេសអាល់បានី ដោយសមាជិកសភាមកពីគណបក្សប្រឆាំង គឺគណបក្សប្រជាធិបតេយ្យ ដែលបានប្រកែកថា កិច្ចព្រមព្រៀងនេះបានបំពានរដ្ឋធម្មនុញ្ញដោយការផ្ទេរទឹក ដីនិងអំណាចរដ្ឋទៅឲ្យប្រទេសមួយផ្សេងទៀត។ តែតុលាការធម្មនុញ្ញបានច្រានចោលការទាមទារនេះ ហើយបានផ្ដល់ការអនុញ្ញាតដល់កិច្ចព្រមព្រៀងនេះ កាលពីខែមុន។ សហភាពអឺរ៉ុប បានឲ្យដឹងថា ផែនការរបស់អ៊ីតាលីនេះមិនបំពានច្បាប់របស់ខ្លួនទេ៕