
អ្នកនយោបាយប្រឆាំងរុស្ស៊ី លោក Vladimir Kara-Murza នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែកុម្ភៈ) នេះ បានអំពាវនាវដល់អ្នកគាំទ្រកុំឲ្យចុះចាញ់ជាដាច់ខាត បន្ទាប់ពីការស្លាប់របស់មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny។
នេះជាសម្ដីរបស់លោក Kara-Murza ដែលកំពុងនិយាយតាមរយៈខ្សែវីដេអូពីពន្ធនាគារ ក្នុងទីក្រុង Omsk របស់រុស្ស៊ី ដោយសុន្ទរកថារបស់លោកត្រូវបានឃើញនៅលើអេក្រង់ទូរទស្សន៍ដ៏ធំមួយ នៅក្នុងបន្ទប់ប្រព័ន្ធផ្សព្វផ្សាយនៃតុលាការក្រុងមូស្គូ អំឡុងសវនាការ។
លោក Kara-Murza គឺជាពលរដ្ឋរុស្ស៊ីកាត់អង់គ្លេស និងជាជំនួយការជិតស្និទ្ធរបស់អ្នកនយោបាយប្រឆាំងលោក Boris Nemtsov ដែលត្រូវបានធ្វើឃាតនៅកណ្តាលទីក្រុងមូស្គូ កាលពីឆ្នាំ២០១៥។ លោកត្រូវបានចាប់ខ្លួនប្រមាណជា ២-៣សប្តាហ៍ បន្ទាប់ពីមានការចាប់ផ្តើមនូវអ្វីដែលរុស្ស៊ីហៅថា «ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន» និងប៉ុន្មានម៉ោងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ CNN របស់សហរដ្ឋអាមេរិក បានចាក់ផ្សាយបទសម្ភាសន៍ជាមួយលោក ដែលក្នុងបទសម្ភាសន៍នោះ លោកបាននិយាយថា ប្រទេសរុស្ស៊ីត្រូវបានគ្រប់គ្រង ដោយ «របបឃាតករ»។
អ្នកប្រឆាំងរូបនេះត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ២៥ឆ្នាំ កាលពីខែមេសាឆ្នាំមុន ពីបទចោទប្រកាន់ក្បត់ជាតិ និងផ្សព្វផ្សាយ «ព័ត៌មានមិនពិត» អំពីសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។ លោកបានបដិសេធការចោទប្រកាន់នេះ ហើយបានប្រៀបធៀបដំណើរការនីតិវិធីទៅនឹងការកាត់ក្តីរបស់របបស្តាលីននិយម ក្នុងទសវត្សរ៍ឆ្នាំ១៩៣០៕