ភ្នំពេញៈ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើស្ថានភាពមិនប្រក្រតីមួយចំនួន នៃកិច្ច ដំណើរការអាជីវកម្មល្បែងផ្សងសំណាង ដើម្បីដោះស្រាយបញ្ហាប្រឈម និងបានដាក់ចេញនូវផែនការសកម្មភាព ជំរុញការទប់ស្កាត់ ឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) លើកឡើងនៅក្នុងពិធីបើកកិច្ចប្រជុំពិភាក្សាស្តីពីការពង្រឹងការគ្រប់គ្រងល្បែង ផ្សងសំណាងនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះថា ស្របតាមនិន្នាការនៃការគ្រប់គ្រងល្បែង ពាណិជ្ជកម្ម, ទាំងក្នុងតំបន់ និងលើសកលលោក, រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានល្បែងពាណិជ្ជកម្មនៅកម្ពុជា និយាយជារួម, និងល្បែងផ្សងសំណាង និយាយដោយឡែក, ក្នុងគោលបំណងដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច, លើកកម្ពស់វិស័យទេស ចរណ៍, បង្កើតការងារ, ប្រមូលចំណូល ក៏ដូចជាចូលរួមចំណែកនៅក្នុងមូលនិធិសង្គម តាមរយៈការកំណត់ឱ្យប្រតិបត្តិករល្បែងផ្សង សំណាងបំពេញកាតព្វកិច្ចសង្គមនានា។
យ៉ាងណាមិញ, បរិវត្តកម្មឌីជីថលដ៏រហ័សនាបច្ចុប្បន្ន បានផ្តល់ឱកាសដល់ក្រុមជនមួយចំនួន ធ្វើប្រតិបត្តិការល្បែងផ្សេង សំណាង ក៏ដូចជាល្បែងស៊ីសងជាច្រើនប្រភេទដោយខុសច្បាប់ ដោយបានប្រើប្រាស់វិធីសាស្ត្រជាច្រើនរូបភាព សំដៅបិទបាំងនូវការ លួចលាក់បង្កប់ល្បែងស៊ីសងខុសច្បាប់មានជាអាទិ៍ ៖ ឆ្នោតកន្ទុយលេខ, ខេណូ (KENO) និងឆ្នោតអនឡាញជាដើម, នៅតាមទី តាំងមួយចំនួន ដោយសម្ងំជ្រកក្រោមអាជ្ញាបណ្ណដែល គ.ល.ក. បានផ្តល់ការអនុញ្ញាតស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ។ ការណ៍នេះមិនត្រឹមតែបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ, សីលធម៌ សង្គម, ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ, គោលនយោបាយភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល ដោយបង្កឱ្យមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ សារព័ត៌មានជាតិ និងអន្តរជាតិផងដែរ ។
បញ្ហានេះ, ឯកឧត្តមឧបនាយករដ្ឋមន្តី បានដាក់ចេញនូវសេចក្តីណែនាំ ស្តីពីការពង្រឹងការគ្រប់គ្រងប្រតិបត្តិការល្បែងផ្សង សំណាង ក្នុងគោលបំណងចម្បងៗរួមមាន៖ ណែនាំដល់ប្រតិបត្តិករល្បែងផ្សងសំណាង ដែលបានទទួលអាជ្ញាបណ្ណស្នាក់ការមេ ឬ អាជ្ញាបណ្ណសាខា ឬលិខិតអនុញ្ញាតបុស្តិ៍សេវាពី គ.ល.ក. ឱ្យអនុវត្តខ្ជាប់ខ្ជួនតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធ នឹងអាជីវកម្មល្បែងផ្សងសំណាង។ ពង្រឹងយន្តការនៃការគ្រប់គ្រង, ការតាមដាន និងការត្រួតពិនិត្យជាប់ជាប្រចាំ ចំពោះរាល់សកម្ម ភាពអាជីវកម្មល្បែងផ្សងសំណាងនៅទូទាំងប្រទេស ដោយត្រូវចាត់វិធានការតាមច្បាប់ឱ្យបានទាន់ពេល ចំពោះប្រតិបត្តិករល្បែង ផ្សងសំណាង ដែលអនុវត្តផ្ទុយពីសេចក្ដីណែនាំ។ ពង្រឹងកិច្ចសហការស្អិតល្មួត រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ, ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ ក្នុងការគ្រប់គ្រង, តាមដាន និងការត្រួតពិនិត្យជាប់ជាប្រចាំ ចំពោះរាល់សកម្មភាពលួចលាក់ បង្កប់ការលេងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ដោយចាត់វិធានការម៉ឺងម៉ាត់ តាមច្បាប់ឱ្យបានទាន់ពេល, ជាពិសេសសេចក្តីណែនាំអន្តរក្រសួង ស្តីពីការអនុវត្ត វិធាន ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងសេចក្តីណែនាំ ស្តីពីការពង្រឹងការគ្រប់គ្រងប្រតិបត្តិការល្បែងផ្សងសំណាងនៅកម្ពុជា៕
អត្ថបទ៖ សុន រ៉ាឌី




