
ប្រទេសដាណឺម៉ាកបានប្រកាសពីកញ្ចប់ជំនួយយោធាថ្មីចំនួន ១,៧ពាន់លានក្រោន (២៤៧,៤លានដុល្លារ) សម្រាប់ប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែកុម្ភៈ) នេះ ហើយបានធ្វើការអំពាវនាវបន្ទាន់ដល់សម្ព័ន្ធមិត្តឲ្យបង្កើនការផ្ដល់ជំនួយ ដើម្បីជួយប្រទេសដែលកំពុងមានសង្គ្រាមជាមួយរុស្ស៊ី។
កញ្ចប់ទឹកប្រាក់នេះនឹងនាំឲ្យការផ្ដល់ជំនួយសរុបរបស់ដាណឺម៉ាកដល់អ៊ុយក្រែនឡើងដល់ទៅ ៣៣,៣ពាន់លានក្រោន គិតចាប់តាំងពីមានការលុកលុយរបស់រុស្ស៊ីកាលពី ២ឆ្នាំមុន។ ប្រទេសសមាជិករបស់អង្គការណាតូ (NATO) មួយនេះ គឺជាអ្នកគាំទ្រដ៏រឹងមាំរបស់អ៊ុយក្រែន ហើយស្ថិតក្នុងចំណោមអ្នករួមចំណែកដ៏ធំបំផុតនៃជំនួយយោធា ដោយសមាមាត្រទៅនឹងទំហំសេដ្ឋកិច្ចរបស់ខ្លួន។
នាយករដ្ឋមន្ត្រីដាណឺម៉ាកលោកស្រី Mette Frederiksen បានប្រាប់អ្នសារព័ត៌មានថា៖ «ការផ្ដល់ជំនួយនេះ គឺជារឿងចាំបាច់ ដើម្បីបញ្ជាក់ថា ប្រសិនបើចង់ឲ្យពួកគេ (អ៊ុយក្រែន) ទទួលបានជោគជ័យនៅសមរភូមិ ការបរិច្ចាគកាន់តែច្រើន នឹងត្រូវតែមានឥឡូវនេះ»។
លោកស្រីបន្ថែមថា៖ «នេះគឺស្ថិតនៅក្នុងការពិចារណា ដែលយើងត្រូវបន្តផ្ដល់ជំនួយបន្ថែមទៀត ដោយសង្ឃឹមថា ប្រទេសជាច្រើនទៀតនឹងធ្វើដូចគ្នា មិនមែនក្នុងរយៈពេលត្រឹម ៦ ឬ ១២ខែនោះទេ ប៉ុន្តែឥឡូវនេះ ពោលគឺនៅពេលដែលតម្រូវការកំពុងមានទំហំធំបែបនេះ»៕