ក្រុមហ៊ូទី (Houthis) ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ របស់ប្រទេសយេម៉ែន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើនាវាដឹកទំនិញដែលគ្រប់គ្រងដោយចក្រភពអង់គ្លេស និងការវាយប្រហារដោយយានដ្រូនលើនាវាពិឃាតអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (២២ កុម្ភៈ) ហើយពួកគេបានកំណត់គោលដៅលើកំពង់ផែ និងទីក្រុងរមណីយដ្ឋាន អ៊ីឡាត់ (Eilat) របស់អ៊ីស្រាអែលជាមួយនឹងមីស៊ីលបាលិស្ទិក និងយានដ្រូនជាច្រើនគ្រឿង។

សេចក្តីថ្លែងការណ៍របស់អ្នកតំណាងក្រុមហ៊ូទី នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X នេះបានកើតឡើងភ្លាមៗបន្ទាប់ពីមេដឹកនាំក្រុមនេះបាននិយាយថា ខ្លួននឹងបង្កើនការវាយប្រហារលើនាវានៅសមុទ្រក្រហម និងដែនទឹកផ្សេងទៀត ដោយប្រើប្រាស់ «អាវុធនាវាមុជទឹកថ្មី» ដើម្បីឆ្លុះបញ្ចាំងពីប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប។

ក្រុមសកម្មប្រយុទ្ធហ៊ូទី បានធ្វើការវាយប្រហារដោយយានដ្រូន និងមីស៊ីលម្តងហើយម្តងទៀតនៅសមុទ្រក្រហម ច្រកសមុទ្រ បាប អាល់ម៉ានដាប (Bab al-Mandab) និងឈូងសមុទ្រ អេឌែន (Aden) ចាប់តាំងពីខែវិច្ឆិកាមក ដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន ខណៈដែលសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតែបន្ត ហើយចំនួនអ្នកស្លាប់នៅហ្កាហ្សា កើនឡើងដល់ជិត ៣០.០០០ នាក់។

ការវាយប្រហាររបស់ក្រុមនេះកំពុងរំខានដល់ផ្លូវកាត់ពាណិជ្ជកម្មព្រែកជីកស៊ុយអេដ៏សំខាន់ ដែលមានប្រហែល ១២% នៃចរាចរណ៍ផ្លូវសមុទ្រទូទាំងពិភពលោក ហើយបង្ខំឱ្យក្រុមហ៊ុននានាប្រើប្រាស់ផ្លូវដ៏វែងឆ្ងាយជាងមុន និងចំណាយថ្លៃជាងមុននៅជុំវិញទ្វីបអាហ្វ្រិក៕