កំពង់ឆ្នាំង ៖ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ប្រមាណជាង ១ម៉ឺន៥ពាន់នាក់ បានចូលរួមដង្ហែរក្បួនបិទបញ្ចប់យុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយផ្តើមចេញពីសួនច្បារវិមានឯករាជ្យក្រុងកំពង់ឆ្នាំង ឆ្ពោះទៅតាមបណ្តាក្រុងស្រុកទាំង ៨នៃខេត្តកំពង់ឆ្នាំង។

នៅក្នុងខេត្តកំពង់ឆ្នាំង មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់នៅព្រឹកនេះ បានដង្ហែរក្បួនឃោសនារបស់ខ្លួនយ៉ាងធំ ដែលឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំប្រារព្ធពិធីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅសួនវិមានឯករាជ្យ ហើយក្នុងនោះមានសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណជាង ១ម៉ឺន៥ពាន់នាក់បានចូលរួម ហើយមធ្យោបាយមានកង់ ម៉ូតូ រថយន្តរាប់រយគ្រឿង។ ក្នុងយុទ្ធនាការក្នុងថ្ងៃបញ្ចប់នេះ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមដង្ហែចេញពីចំណុចជិតសួនវិមានឯករាជ្យក្រុងកំពង់ឆ្នាំង បន្តទៅតាមបណ្តាក្រុងស្រុកទាំង៨របស់ខេត្ត ដោយមានឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណៈបក្សខេត្តកំពង់ឆ្នាំងជាអ្នកនាំមុខ។

លោក ឈឹម ច័ន្ទធន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា នៅថ្ងៃបញ្ចប់ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅខេត្តកំពង់ឆ្នាំង មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានដាក់សំណើរមកគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង ដើម្បីរៀបចំបិទយុទ្ធនាការឃោសនា ៕ កាំង ហុងវាស្នា








