ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែតុលានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពុករលួយACU និងអង្គភាពចំនួន១៩ស្ថាប័នរដ្ឋផ្សេងទៀត បានបើកសិក្ខាសាលា ស្តីពី ការគ្រប់គ្រង ការចាត់ចែងនិងការរឹបអូសផលនៃបទល្មើស។ ថ្លែងបើកអង្គការសិក្ខាសាលា ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ថា គ្រប់សំណុំរឿងពាក់ព័ន្ធពុករលួយ ភាគច្រើនគឺបានចាត់ការបញ្ជូនតុលាការលឿន ហើយភាគច្រើនគឺមានជាប់ពាក់ព័ន្ធថវិការាប់លានដុល្លារអាមេរិក។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានថ្លែងថា ចាប់ពីដើមឆ្នាំ២០២០មកដល់បច្ចុប្បន្ន ករណីបទល្មើសសំអាតប្រាក់ និងហិរញ្ញប្បទានដែលក្រុមនគរបាលបើកប្រតិបត្តិការស៊ើបអង្កេត គឺមានប្រមាណជាង១៤០ករណី ក្នុងសំណុំរឿង នៅក្នុងផ្នែកពុករលួយមានប្រមាណ១០ករណី ហើយគ្រប់សំណុំរឿងទាំងអស់ គឺមានជាប់ពាក់ព័ន្ធនឹងថវិការាប់លានដុល្លារ តែទោះយ៉ាងយ៉ាងណាសម្រាប់ ទំហំថវិកាជាក់ស្តែងដែលបានពីផលនៃបទល្មើស គឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាអ្នកវាយតំលៃដាក់ចូលថវិការដ្ឋ។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី ឱម យិនទៀង បន្តថា ទោះយ៉ាងណា នៅក្នុងចំណោមសំណុំរឿងដែលACUទទួល និងបានយកមកដោះស្រាយចំនួនជាង១០០ គឺACUបានចាត់ការលឿន មានភស្តុតាងច្បាស់ និងមិនមានសំណុំរឿងណាធ្វើអោយយើងបរាជ័យនៅក្នុងតុលាការនោះទេ។
ឯកឧត្តម បន្តថា ជាក់ស្តែងការរៀបចំសិក្ខាសាលាការគ្រប់គ្រង ការចាត់ចែងនិងការរឹបអូសផលនៃបទល្មើស គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពជំនាញក្នុងការប្រឆាំងបទល្មើសសំអាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម ការកំណត់អត្តសញ្ញាណទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើស ការចាប់យកការឃាត់ទុក ការបង្កក ការគ្រប់គ្រងចាត់ចែង និងការរឹបអូសផលនៃបទល្មើស ដែលជាអនុសាសន៍ចំណុចទី៨ ចំណោមអនុសាសន៍១៤ចំណុច ដែលអង្គការក្រុមអាស៊ីប៉ាស៊ិភិច APG និងក្រុមការងារហិរញ្ញវត្ថុ FATF ដែលស្ថាប័នដ៏ធំរបស់អន្តរជាតិតម្រូវអោយអនុវត្ត។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានបញ្ជាក់ថា សម្រាប់បទល្មើសសំអាតប្រាក់ និងហិរញ្ញប្បទានដែលកម្ពុជា ត្រូវចាត់ការបង្ក្រាបអោយខាងតែបាននោះគឺមានដូចជា បទល្មើសឆបោក ព្រៃឈើ សត្វព្រៃ ការជួញដូរមនុស្ស គ្រឿងញៀន អំពើរត់ពន្ធ និងអំពើពុករលួយ និងបទល្មើសពាក់ព័ន្ធនានាជាច្រើនទៀត ស្ថិតក្នុងវិស័យធនាគារ វិស័យផ្ទេរប្រាក់ កាស៊ីណូ និងវិស័យអចលទ្រព្យជាដើម ហើយតាមរយៈការមានចំណាត់ការនេះ បានធ្វើអោយអង្គការ APG វាយតំលៃកម្ពុជាស្ថិតក្នុងពណ៌ប្រផេះឈានទៅរកពណ៌ស ដែលជាចំណុចវិជ្ជមានមួយក្នុងការជម្រុញប្រទេសកម្ពុជា មានសេដ្ឋកិច្ចល្អប្រសើរ៕ អត្ថបទ៖ ស៊ុម សុខជា
