ភ្នំពេញ៖ បុរសជាអ្នកដឹកជញ្ជូនតាមអនឡាញម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងហេតុ ខណៈពេលកំពុងជិះម៉ូតូត្រូវបានរថយន្តសេរីទំនើបបើកបរដោយបុរសម្នាក់ជាជនជាតិ ចិនបើកលឿនដូចហោះបុកពីក្រោយពេញទំហឹងខ្ទាតម៉ូតូជាច្រើនម៉ែត្រ ចំណែករថយន្តបង្កព្យាយាមបើករត់គេចត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញតាមស្ទាក់ឃាត់បាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាក ហុងដាឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1V-9127 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវបានរថយន្តម៉ាក LAMBORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជាF.R.999 បើកបរដោយបុរសជនជាតិចិន ឈ្មោះ ប៉ាហ្វីដូ ដែលជាតារាល្បី តាមបណ្ដាញសង្គមFacebook ខាងធ្វើម្ហូប ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនយ៉ាងលឿនទៅបុកម៉ូតូរងគ្រោះពីក្រោយពេញទំហឹងបណ្ដាលឲ្យខ្ទាតម៉ូតូជាច្រើនម៉ែត្រ បន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនចេញពីមហាសហព័ន្ធរុស្ស៊ីចូលផ្លូវ២០០៤ទៅឆ្ពោះទៅផ្លូវដួងងៀប ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទើបប្រជាពលរដ្ឋនាំគ្នាស្ទាក់ឃាត់ខ្លួនបានរួចទាក់ទងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗធ្វើការឃាត់ខ្លួនអ្នកបើកបរនិងបក្ខពួកផ្សេងទៀតដែលបើករថយន្តម៉ាក BMW ពណ៌ខៀវ ពាក់ស្លាកលេខ កម្ពុជា MR. TOMI មកបំរុងរំដោះយកអ្នកបើកបររថយន្តបង្ករត់គេចខ្លួន ។

ប្រភពដដែលបានបន្តទៀតថា ពេលដែលសមត្ថកិច្ចសួរនាំ បុរសជនជាតិចិនរូបនេះបានបដិសេធថាខ្លួនមិនមែនជាអ្នកបើកនោះទេ គឺអ្នកផ្សេងជាអ្នកបើក តែប្រជាពលរដ្ឋឃើញច្បាស់ថាគាត់ជា អ្នកចុះពីលើរថយន្តបង្ក ទោះជាយ៉ាងណាខាងសមត្ថកិច្ចបាននាំអ្នកបើកបររថយន្តបង្ក និង មិត្តភក្តិ ២នាក់ទៀតយកទៅផ្នែកជំនាញដើម្បីសួរនាំបន្តនៅខណ្ឌពោធិសែនជ័យ ។

ក្រោយពេលកើតហេតុសពរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូរងគ្រោះ និងរថយន្តបង្កសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំធ្វើការដោះស្រាយបន្តពេលក្រោយ ៕ អត្ថបទ៖ កុម្ភៈ

