បាត់ដំបង៖ ឯកឧត្តម កើត រិទ្ធ អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគ៤ នៅខេត្តបាត់ដំបង។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម កើត រិទ្ធ បានក្រើនរំលឹកដល់អង្គបោះឆ្នោតទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងត្រៀមលក្ខណៈឱ្យបានល្អ សម្រាប់ចូលរួមក្នុងដំណើរការបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
ឯកឧត្តម អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់នៅទូទាំងខេត្តបាត់ដំបង សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១ នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
តាមរយៈរបាយការណ៍របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានឱ្យដឹងថា អង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ នៅទូទាំងខេត្តបាត់ដំបង មានចំនួនសរុប៦៨៤នាក់ ក្នុងនោះអង្គបោះឆ្នោតជាតំណាងរាស្រ្តចំនួន៨នាក់ និងអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែង៦៧៦នាក់។ អង្គបោះឆ្នោតទាំងអស់បានចុះឈ្មោះបោះឆ្នោតរួចរាល់ និងមានឯកសារគ្រប់គ្រាន់សម្រាប់បម្រើឱ្យការបោះឆ្នោត។
ជាមួយគ្នានោះ អង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ពីការត្រៀមលក្ខណៈរួចរាល់ សម្រាប់ចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានាពេលខាងមុខ។
អង្គបោះឆ្នោតអះអាងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយតែមួយគត់ដែលបានស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា ក្នុងខេត្តបាត់ដំបងមានអង្គបោះឆ្នោត និងអ្នកបោះឆ្នោតសរុបចំនួន៨៣១នាក់ ក្នុងនោះអ្នកបោះឆ្នោតជាអ្នកតំណាងរាស្រ្តក្នុងមុខតំណែងមានចំនួន៨រូប និងអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែងមានចំនួន៨២៣រូប។ ចំពោះការិយាល័យបោះឆ្នោតមានចំនួន២ ការិយាល័យដែលមានទីតាំងនៅក្នុងបរិវេណវិទ្យាល័យសម្ដេចឪ ក្រុងបាត់ដំបង ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង៣រសៀល៕