មន្ត្រីអ៊ីស្រាអែលម្នាក់ បាននិយាយថា គណៈកម្មាធិការទទួលបន្ទុកកិច្ចការសង្គ្រាមរបស់ប្រទេសអ៊ីស្រា អែល បានយល់ព្រមបញ្ជូនក្រុមចរចាដែលដឹកនាំដោយប្រធានទីភ្នាក់ងារចារកម្ម Mossad លោក ដេវីត បានៀ (David Barnea) ទៅកាន់ទីក្រុងប៉ារីសកាលពីថ្ងៃសុក្រ ដើម្បីបន្តការពិភាក្សាលើកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏សំខាន់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ។

មន្ត្រីរូបនេះ បានបន្តថា ក្រុមចរចា ត្រូវបានគេរំពឹងថា នឹងត្រូវបានផ្តល់សិទ្ធិអំណាចឲ្យចូលរួមក្នុងការចរចាសំខាន់ៗជាជាងការស្តាប់សំណើដូចដែលពួកគេបានធ្វើក្នុងអំឡុងពេលកិច្ចប្រជុំ នៅទីក្រុងគែរ កាលពីសប្តាហ៍មុន។

គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលទាំងមូល ត្រូវបានគេរំពឹងថា នឹងបោះឆ្នោតលើបញ្ហានេះ ទាំងយប់ ដើម្បីផ្តល់ការយល់ព្រមចុងក្រោយសម្រាប់ការធ្វើដំណើរនេះ។
ប្រភពពីរដែលដឹងពីផែនការ បានប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃពុធថា នាយក CIA លោក ប៊ីល ប៊ឺន (Bill Burns) និងសមភាគីអេហ្ស៊ីប និងកាតារបស់លោក ត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅទីក្រុងប៉ារីសនៅថ្ងៃសុក្រនេះសម្រាប់កិច្ចពិភាក្សា។ ចំណែករដ្ឋាភិបាលអ៊ីស្រាអែល មិនទាន់បញ្ជាក់ពីវត្តមានរបស់ខ្លួននៅឡើយទេ។
ការសម្រេចចិត្តនេះ បានកើតឡើងក្នុងអំឡុងពេលកិច្ចប្រជុំនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការសង្គ្រាមកាលពីយប់ថ្ងៃព្រហស្បតិ៍ នៅចុងមួយថ្ងៃដែលឃើញអ្នកសម្របសម្រួលមជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាមេរិកចូ បៃដិន (Joe Biden) គឺលោក ប្រេត មិកហ្គឺក (Brett McGurk) ជួបជាមួយមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល រួមទាំងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu)ផងដែរ។
មន្ត្រីអ៊ីស្រាអែល បាននិយាយថា រដ្ឋាភិបាលអ៊ីស្រាអែល បានរង់ចាំការបញ្ជាក់ថា ការសម្របសម្រួលបានឈានដល់កិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរនៅតំបន់ហ្កាហ្សា មុនពេលយល់ព្រមត្រឡប់ទៅតុចរចា វិញ។
ទីបំផុត ភ័ស្តុតាងនោះ រួមជាមួយនឹងការចង្អុលបង្ហាញជាវិជ្ជមានពីកិច្ចពិភាក្សានៅទីក្រុងគែរ កាលពីថ្ងៃពុធ និងការលើកឡើងពីមន្ត្រីសហរដ្ឋអាមេរិក បានធ្វើឲ្យមានកិច្ចព្រមព្រៀងអ៊ីស្រាអែលបញ្ជូនក្រុមចរចាទៅកាន់ទីក្រុងប៉ារីស។