ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួន និងការងារប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានឈានដល់ចំណុចរបត់មួយ ខណៈទីភ្នាក់ងារនេះ កំពុងតស៊ូទប់ទល់នឹងសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា។

ប្រធានទីភ្នាក់ងារនេះ លោក ហ្វីលីប ឡាហ្សារីនី (Philippe Lazzarini) បាននិយាយថា ពិតជាសោកស្តាយខ្លាំងបំផុតដែលឥឡូវនេះលោកត្រូវតែជូនដំណឹងដល់អ្នកថាទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួន និងការងារប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) បានឈានដល់ចំណុចរបត់ ខណៈក្រុមម្ចាស់ជំនួយបង្កកមូលនិធិ អ៊ីស្រាអែលដាក់សម្ពាធឱ្យរំលាយទីភ្នាក់ងារនេះចោល និងតម្រូវការមនុស្សធម៌កើនឡើង។

លោកបានថ្លែងក្នុងលិខិតមួយទៅសភាថា សមត្ថភាពរបស់ទីភ្នាក់ងារក្នុងការបំពេញអាណត្តិដែលបានផ្តល់ឲ្យតាមរយៈដំណោះស្រាយមហាសន្និបាតលេខ ៣០២ ឥឡូវត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។
នោះគឺជាសេចក្ដីសម្រេចដែលទីភ្នាក់ងារនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីការបង្កើតអ៊ីស្រាអែល។ UNRWA បានផ្តល់ការងារដល់មនុស្សប្រមាណ៣ម៉ឺននាក់ ដែលកំពុងធ្វើការនៅក្នុងដែនដីហ្កាហ្សាកាន់កាប់ដោយអ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ ហ្ស៊កដានី និងស៊ីរី។
ប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ និងជប៉ុន បានផ្អាកការផ្តល់មូលនិធិដល់ អង្គការ UNRWA ឆ្លើយតបទៅនឹងការចោទប្រកាន់របស់អ៊ីស្រាអែលថា បុគ្គលិករបស់ខ្លួនមួយចំនួនបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែល។
នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីចុងសប្តាហ៍ លោកហ្សារីនី បាននិយាយថា ថវិកាចំនួន៤៣៨លានដុល្លារត្រូវបានជាប់គាំង ស្មើនឹងជាងពាក់កណ្តាលនៃមូលនិធិដែលរំពឹងទុកសម្រាប់ឆ្នាំ២០២៤។ លោកបាននិយាយថា អ៊ីស្រាអែលកំពុងខិតខំប្រឹងប្រែងរួមគ្នាដើម្បីបំផ្លាញ ទីភ្នាក់UNRWA ៕