ម្តាយរបស់អតីតមេដឹកនាំបក្សប្រឆាំងដ៏សំខាន់របស់រុស្ស៊ី លោក អាឡិចស៊ី ណាវ៉ាលនី (Alexei Navalny) បានចោទប្រកាន់ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ (២២ កុម្ភៈ) ថាមានគម្រោងបញ្ចុះសពកូនប្រុសរបស់ខ្លួនដោយសម្ងាត់ដោយគ្មានពិធីបុណ្យសព បន្ទាប់ពីតស៊ូអស់ជាច្រើនថ្ងៃមកទល់ពេលនេះដោយឥតប្រយោជន៍ ក្នុងការបញ្ចុះបញ្ចូលពួកគេឱ្យប្រគល់សាកសពរបស់លោក ណាវ៉ាលនី។

លោកស្រី ល្យូដមីឡា ណាវ៉ាលណាយ៉ា (Lyudmila Navalnaya) បានធ្វើការចោទប្រកាន់នេះនៅក្នុងវីដេអូបណ្ដាញសង្គមយូធូបមួយ ដែលបានផ្សព្វផ្សាយរយៈពេលប្រាំមួយថ្ងៃបន្ទាប់ពីអ្នកនយោបាយប្រឆាំងដ៏ល្បីរបស់រុស្ស៊ីនេះបានស្លាប់ភ្លាមៗនៅក្នុងពន្ធនាគារអាណានិគមព្រហ្មទណ្ឌអាកទិក ជាទីដែលលោកត្រូវបានកាត់ទោសយ៉ាងយូរ។

លោកស្រី ណាវ៉ាលណាយ៉ា បាននិយាយថា «ពួកគេចង់ឱ្យការបញ្ចុះសពនេះ ត្រូវបានធ្វើឡើងដោយសម្ងាត់ដោយគ្មានពាក្យលាចុងក្រោយ ហើយយើងមិនយល់ស្របនឹងរឿងនេះឡើយ»។ ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី មិនបានឆ្លើយតបភ្លាមៗជុំវិញការលើកឡើងនេះទេ។
ក្រុមជំនួយការ និងក្រុមគ្រួសាររបស់លោក ណាវ៉ាលនី បានចោទលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថាបានសម្លាប់អ្នកនយោបាយប្រឆាំងរូបនេះ ដែលនេះជាការចោទប្រកាន់ដែលវិមានក្រឹមឡាំង បានច្រានចោលយ៉ាងខឹងសម្បារ។
អតីតមេដឹកនាំប្រឆាំងដែលបានទទួលមរណភាពលោក ណាវ៉ាលនី វ័យ ៤៧ ឆ្នាំ ត្រូវជាប់ពន្ធនាគារសរុបច្រើនជាង ៣០ ឆ្នាំលើការចោទប្រកាន់រួមទាំងការក្លែងបន្លំ និងសកម្មភាពជ្រុលនិយម ដែលលោកនិយាយថាត្រូវបានបង្កើតឡើងដើម្បីបំបិទមាត់លោក៕