សន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិកម្ពុជា-ឥណ្ឌូនេស៊ី ប្រចាំឆ្នាំលើកទី១ ក្រោមប្រធានបទ «ទាំងអស់គ្នា ដើម្បីការព្យាបាលជំងឺបេះដូងកាន់តែប្រសើរ» រៀបចំដោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យថ្នាក់ជាតិបេះដូង និងសរសៃឈាម ហារ៉ាប៉ាន គីតា(Harapan Kita) នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សន្និសីទនេះមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្រ្តាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេសសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា និងលោកវេជ្ជបណ្ឌិត Iwan Dakota Director of National Cardiovascular Center Harapan Kita និងឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្រ្តាចារ្យ វេជ្ជបណិ្ឌត អស់លោក-លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ ប្អូនៗនិស្សិត។

ឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លើកឡើងថា សន្និសីទនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនចំនេះដឹង ពង្រឹងសមត្ថភាពរបស់គ្រូពេទ្យក្នុងការថែទាំសុខភាពបេះដូងរបស់អ្នកជំងឺ និងបន្តអភិវឌ្ឍន៏ចំនេះដឹងជំនាញថ្មីៗក្នុងការថែទាំ និងព្យាបាលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់ជូនដល់អ្នកជំងឺ ព្រមទាំងការការពារហានិភ័យនាៗ ដែលអាចកើតមានឡើងសម្រាប់អ្នកជំងឺបេះដូង និងដើម្បីការពារ និងកាត់បន្ថយអត្រាកើតថ្មីនៃជំងឺបេះដូង និងសរសៃឈាមចំពោះប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។
ចំណុចពិសេសនៃសន្និសីទនេះ គឺបានប្រមូលផ្តុំប្រធានបទដ៏ល្អៗពីវាគ្មិនថ្នាក់ជាតិ អន្តរជាតិ ដែលមានប្រធានបទ ៨ ប្រធានបទ ក្នុងនោះដែរមានវាគ្មិនពីមន្ទីរពេទ្យថ្នាក់ជាតិបេះដូង និងសរសៃឈាម ហារ៉ាប៉ាន គីតា (Harapan Kita) ប្រទេសឥណ្ឌូនេស៊ីដែលផ្តោតសំខាន់ទៅលើការលើកកម្ពស់ការថែទាំ និងព្យាបាលសុខភាពបេះដូង ដែលមានអ្នកចូលរួមវេជ្ជបណ្ឌិតមកមន្ទីរពេទ្យថ្នាក់ជាតិដែលមានអ្នកចូលរួមផ្ទាល់សរុប ១៥០នាក់។

លោកវេជ្ជបណ្ឌិត Iwan Dakota Director of National Cardiovascular Center Harapan Kita បានលើកឡើងថា កិច្ចសហការរបស់មន្ទីរពេទ្យថ្នាក់ជាតិបេះដូង និងសរសៃឈាម ហារ៉ាប៉ាន គីតា នៃប្រទេសឥណ្ឌូនេស៊ី នាថ្ងៃនេះ ដើម្បីជាទំនាក់ទំនងរវាងប្រទេសក្នុងតំបន់អាស៊ានជាមួយគ្នា ហើយមនី្ទរពេទ្យនេះ ក៏ជាមជ្ឈមណ្ឌលផ្នែកជំងឺបេះដូងទាំងអស់តែម្តង។
ជាចុងក្រោយឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបញ្ជាក់ថា ក្នុងឆ្នាំ ២០២៣ កន្លងមកនេះ មានអ្នកជំងឺដែលមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ៤៧៤,២០៥ ករណី និងសម្រាកព្យាបាលមានចំនួន ៦១,៦៣៦នាក់ សរុបទាំងអស់ចំនួន ៥៣៥,៨៤១ នាក់៕ អត្ថបទ រដ្ឋា
