ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានហោះហើរលើយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រទំនើប Tu-160M ដែលមានសម្ថភាពនុយក្លេអ៊ែរ កាលពីថ្ងៃព្រហស្បតិ៍ (២២ កុម្ភៈ) ក្នុងសកម្មភាពមួយ ដែលទំនងជាត្រូវបានគេមើលឃើញនៅក្នុងលោកខាងលិច ថាជាការបញ្ជូនសញ្ញាយ៉ាងច្បាស់លាស់អំពីសមត្ថភាពនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ។

យន្តហោះខ្នាតយក្ស ដែលត្រូវបានឱ្យឈ្មោះថា ប្លែកជែកស៍ (Blackjacks) ដោយសម្ព័ន្ធយោធាណាតូនេះ គឺជាកំណែទំនើបនៃយន្តហោះទម្លាក់គ្រាប់បែកសម័យសង្រ្គាមត្រជាក់ ដែលអតីតសហភាពសូវៀតមួយនេះអាចដាក់ពង្រាយក្នុងព្រឹត្តិការណ៍នៃសង្រ្គាមនុយក្លេអ៊ែរ ដើម្បីចែកចាយអាវុធនៅរយៈចម្ងាយឆ្ងាយ។

ទូរទស្សន៍រដ្ឋបានបង្ហាញរូបភាព លោក ពូទីន ចុះពីលើយន្តហោះនោះបន្ទាប់ពីការហោះហើរ ហើយប្រាប់អ្នកសារព័ត៌មានថា នេះជាយន្តហោះដែលមានសមត្ថភាពអាចទុកចិត្តបាន និងទំនើបដែលអាចទទួលយកបានដោយកងទ័ពអាកាសរុស្ស៊ី។

មេដឹកនាំរុស្ស៊ី ដែលត្រូវបានគេរំពឹងថានឹងអាចឈ្នះអាណត្តិរយៈពេលប្រាំមួយឆ្នាំទៀតក្នុងការបោះឆ្នោតនៅខែក្រោយនេះ បានធ្វើការហោះហើរ នៅពេលដែលទីក្រុងមូស្គូ និងលោកខាងលិចមានជម្លោះជុំវិញសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន និងការស្លាប់នៅក្នុងពន្ធនាគាររបស់អ្នកនយោបាយប្រឆាំង លោក អាឡិចស៊ី ណាវ៉ាលនី (Alexei Navalny)៕