ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់៤០នាក់ បានស្លាប់ និងជាង១០០នាក់ផ្សេងទៀតបានរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប។

ប្រភពពីកងកម្លាំងសន្តិសុខប៉ាឡេស្ទីន បានប្រាប់សារព័ត៌មាន ស៊ីនហួ ថា យន្តហោះអ៊ីស្រាអែលបានវាយឆ្មក់ជាច្រើនលើកលើលំនៅឋានប្រជាពលរដ្ឋក្នុងទីក្រុង ឌៀរ អេល បាឡា (Deir el-Balah) ដែលបានបំផ្លិចបំផ្លាញទាំងស្រុង។

ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បានបញ្ជាក់ថាសាកសពជនរងគ្រោះមួយចំនួន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យអាល់ អាកសា (al-Aqsa )។
រថយន្តគិលានសង្គ្រោះ និងក្រុមការពារជនស៊ីវិល បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុដើម្បីជួយជីវិតមនុស្ស បន្ទាប់ពីការវាយឆ្មក់របស់អ៊ីស្រាអែល កម្ទេចភូមិឋាននោះយ៉ាងធ្ងន់ធ្ងរ ។
ប្រភពពីក្រុមវេជ្ជសាស្ត្រ បាននិយាយថា មន្ទីរពេទ្យអាល់ អាកសា បច្ចុប្បន្ន ផ្ទុកណែនដោយអ្នករបួស អ្នកជំងឺ និងជនភៀសខ្លួនរាប់ពាន់នាក់៕