យោងតាមមន្ត្រីអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីភ្នាក់ងារផ្តល់ជំនួយ សង្ឃឹមថានឹងជម្លៀសអ្នកជំងឺប្រមាណ១៤០នាក់ ដែលជាប់គាំងនៅក្នុងមន្ទីរពេទ្យ Nasser តំបន់ហ្កាហ្សា ខណៈអាជ្ញាធរប៉ាឡេស្ទីន បានរាយការណ៍ថាទាហានអ៊ីស្រាអែល បានដកថយ ប៉ុន្តែនៅតែហ៊ុមព័ទ្ធបរិវេណនោះ។

ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា ក្រុមគ្រូពេទ្យបានបញ្ចុះសាកសពអ្នកជំងឺ ១៣ នាក់នៅបរិវេណមន្ទីរពេទ្យ ដែលបានស្លាប់ដោយសារអគារនោះគ្មានថាមពល ឬអុកហ្សីសែន។ អង្គារសុខភាពពិភពលោក និយាយថា មន្ទីរពេទ្យនៅទីក្រុង Khan Younis ជាមន្ទីរពេទ្យធំទីពីរនៅតំបន់ហ្កាហ្សា និងមានសារៈសំខាន់ចំពោះសេវាសុខភាពដែលមិនដំណើរការនៅដែនដីនោះចាប់តាំងពីសប្តាហ៍មុន បន្ទាប់ពីការហ៊ុមព័ទ្ធរបស់អ៊ីស្រាអែល ក្រោយពីមានការវាយឆ្មក់។

មន្ត្រីទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា អង្គការសុខភាពពិភពលោក និងដៃគូ រហូតមកដល់ពេលនេះបានធ្វើការជម្លៀសអ្នកជំងឺចំនួនបីលើក ចេញពីមន្ទីរពេទ្យ ដែលការជម្លៀសចុងក្រោយធ្វើឡើងកាលពីថ្ងៃពុធ ដោយបានផ្ទេរអ្នកជំងឺសរុបចំនួន ៥១នាក់ទៅកាន់ភាគខាងត្បូងតំបន់ហ្កាហ្សា។
មន្ត្រីអង្គការសុខភាពពិភពលោកនិយាយថា អង្គការសុខភាពពិភពលោក នឹងបន្តព្យាយាមជម្លៀសអ្នកជំងឺឈឺធ្ងន់ និងរបួសធ្ងន់ចេញពីមន្ទីរពេទ្យ Nasser ទៅកាន់មន្ទីរពេទ្យផ្សេងទៀតនៅភាគខាងត្បូង រួមទាំងមន្ទីរចល័តដែលត្រូវបានបង្កើតឡើងនៅទីក្រុងរ៉ាហ្វា។ ទោះជាយ៉ាងណា វាជាបេសកកម្មដ៏លំបាក និងមានហានិភ័យខ្ពស់។
ក្រសួងសុខាភិបាលតំបន់ហ្កាហ្សាបាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានដាក់ទីតាំងនៅជុំវិញបរិវេណមន្ទីរពេទ្យ ដោយរារាំងការសកម្មភាពចូលនិងចេញពីមន្ទីពេទ្យ។ ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកជំងឺ ១១០ នាក់កំពុងរង់ចាំឲ្យគេជម្លៀសចេញ។
ក្រសួងនិយាយថាអ្នកជំងឺ ៨ នាក់នៅមន្ទីពេទ្យ Nasser បានស្លាប់ដោយសារតែខ្វះថាមពល និងអុកហ្សីសែន កាលពីបួនថ្ងៃមុន ហើយសាកសពរបស់ពួកគេបានចាប់ផ្តើមរលួយ ដែលបង្កហានិភ័យដល់អ្នកជំងឺផ្សេងទៀត។