កំពង់ធំ៖ សមាជិកសមាជិកការគណៈបក្សប្រជាជនកម្ពុជា ប្រមាណជាង១២០០នាក់ ចូលរួមក្នុងពិធីដង្ហែបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដើម្បីបង្ហាញពីការគាំទ្រ លើសមាជិក នៃអង្គបោះឆ្នោតរបស់ខ្លួន។

នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤, ឯកឧត្តមបណ្ឌិត ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និង ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ថោង ខុន លើកឡើងថា សកម្មភាពដង្ហែបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីបង្ហាញពីការគាំទ្រលើសមាជិកព្រឹទ្ធសភា។ វត្តមានរបស់សមាជិក សមាជិកាគណបក្សប្រជាជននាពេលនេះបានបញ្ជាក់ច្បាស់ អំពីស្មារតីយកចិត្តទុកដាក់ សាមគ្គីឯកភាពផ្ទៃក្នុងគណបក្ស តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម រក្សាខ្ជាប់ខ្ជួននូវ ប្រពៃណីថ្លៃថ្លានៃដំណើរការលើកកម្ពស់ប្រជាប្រិយភាព និងកិត្យានុភាពរបស់គណបក្ស ក្នុងការដឹកនាំ ប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនទៅមុខជានិច្ច។

ឯកឧត្តមបណ្ឌិត បន្ថែមថា ឯកឧត្តមបណ្ឌិតលើកទឹកចិត្តឱ្យសមាជិក សមាជិកាក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោត ថែរក្សាសុខភាពឱ្យបានល្អ និងទុកដាក់អត្តសញ្ញាណបណ្ណ សម្រាប់បោះឆ្នោតបានត្រឹមត្រូវ ដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង៣:០០រសៀល នៅតាមការិយាល័យបោះឆ្នោតទាំង៣៣ ចំណុះឱ្យភូមិភាគទាំង៨៕







