រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរបស់ប្រទេសជប៉ុន កាលពីថ្ងៃពុធ (២១ កុម្ភៈ) បានជំរុញឱ្យប្រតិបត្តិករនៃរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី (Fukushima Daiichi) ចាត់វិធានការឱ្យបានហ្មត់ចត់ដើម្បីធានាសុវត្ថិភាព បន្ទាប់ពីឧប្បត្តិហេតុលេចធ្លាយទឹកវិទ្យុសកម្មជាបន្តបន្ទាប់នៅឯរោងចក្រនេះ។

រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម លោក ខេន សៃតូ (Ken Saito) បានប្រាប់ប្រធានក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) លោក តូម៉ូអាគិ កូបាយ៉ាកាវ៉ា (Tomoaki Kobayakawa) ថា លោកចង់ឱ្យ «ថ្នាក់គ្រប់គ្រងចាត់វិធានការយ៉ាងសកម្មដើម្បីការពារការលេចធ្លាយមិនឱ្យកើតឡើងម្ដងទៀត និងធានាសុវត្ថិភាព» បន្ទាប់ពីទឹករាប់តោន ដែលមានផ្ទុកសារធាតុវិទ្យុសកម្ម បានលេចធ្លាយពីបរិវេណរោងចក្រដែលរងគ្រោះមហន្តរាយមួយនេះ កាលពីដើមខែនេះ។

ប្រធានក្រុមហ៊ុន TEPCO លោក កូបាយ៉ាកាវ៉ា បានផ្តល់ការសូមអភ័យទោសដោយនិយាយថា តាមទស្សនៈសុវត្ថិភាព បញ្ហាបែបនោះមិនគួរកើតឡើងទេ ហើយលោកយកចិត្តទុកដាក់យ៉ាងខ្លាំង។

យោងតាមក្រុមហ៊ុន TEPCO បានឱ្យដឹងថា ការលេចធ្លាយនេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ពីព្រីភ្លើងដែលភ្ជាប់ទៅនឹងឧបករណ៍បន្សុទ្ធទឹកកខ្វក់នុយក្លេអ៊ែរ ដែលផ្ទុកនៅក្នុងរោងចក្រនោះ៕